រកផ្លូវវាង! ថ្ងៃទី ២២ និង ២៣ មានរៀបចំមហាសន្និបាតមួយនៅវិមាន ៧ មករា ចំណុចមហាវិថីព្រះនរោត្តម សូមបងប្អូនពង្វាងចរាចរណ៍
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី ១២ និង កិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅវិមាន ៧ មករា មហាវិថីព្រះនរោត្តម ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា កម្មវិធីដែលនឹងត្រូវរៀបចំខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ និង ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចាប់ពីវេលាម៉ោង ០៦:០០ នាទីព្រឹក ស្ថិតនៅវិមាន ៧ មករា មហាវិថីព្រះនរោត្តម ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ ដើម្បីឱ្យការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិខាងលើប្រព្រឹត្តទៅដោយរលូន ព្រមទាំងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់ជុំវិញទីតាំងប្រារព្ធពិធីខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ ពីព្រោះទីតាំងខាងលើនេះនឹងមានចរាចរមមាញឹកខ្លាំង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖