បន្ទាន់! អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យតាមគ្លីនិកឯកជនទូទាំងខេត្ត បើគ្មានច្បាប់អនុញ្ញាត គឺត្រូវបិទចោលភ្លាមៗ
នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចូលរួមក្នុងពិធីបិទវេទិកា ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រយៈពេល ៣ ឆ្នាំ( ២០២១ ដល់ ២០២៣ ) របស់ខេត្តតាកែវ។
នៅក្នុងពិធីបិទវេទិកានេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញបទបញ្ជាឱ្យបង្កើតក្រុមការងារចុះទៅត្រួតពិនិត្យនៅតាមគ្លីនិកឯកជន នៅទូទាំងខេត្តតាកែវ ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណា? ខណៈការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យតាមគ្លីនិកឯកជន រកច្បាប់អនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីមានស្រ្តីម្នាក់កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំរួចនឹងត្រូវបានម្ចាស់គ្លីនិកយកសាកសពទៅបោះចោលនៅក្នុងព្រៃ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ៖ «អាជ្ញាធរក្រុង-ស្រុក ចាប់ពីពេលនេះតទៅ ត្រូវពិនិត្យមើលបញ្ហាគ្លីនិកឯកជនឱ្យបានច្បាស់លាស់។ រដ្ឋបាលខេត្ត នឹងបង្កើតក្រុមការងារមួយ ដែលមានអភិបាលរងខេត្តម្នាក់ចុះទៅតាម ក្រុង ស្រុក នីមួយៗ ដើម្បីត្រួតពិនិត្យមើលគ្លីនិកឯកជនទូទាំងខេត្ត ហើយបើរកឃើញភាពមិនប្រក្រតី ឬ គ្មានច្បាប់អនុញ្ញាត គឺត្រូវបិទភ្លាមតែម្ដង»។
ឯកឧត្តម អភិបាលខេត្ត បានបន្តឱ្យដឹងទៀតថា ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធរខេត្តតាកែវ ក៏នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធរ ក៏នឹងធ្វើការត្រួតពិនិត្យថ្នាំពេទ្យ ដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និង ឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាព ឬយ៉ាងណា៕
ប្រភព ៖ ក្រសួងព័ត៌មាន