ទីក្រុងមួយនៅរដ្ឋ Alaska សហរដ្ឋអាមេរិក រងបាតុភូតមួយធ្វើឱ្យមេឃងងឹតគ្មានពន្លឺថ្ងៃរយៈពេល ២ ខែ
ទីក្រុង Utqiagvik នារដ្ឋ Alaska សហរដ្ឋអាមេរិក នឹងទទួលរងបាតុភូតមួយហៅថា «រាត្រីនៅតំបន់ប៉ូល ឬ Polar Night» ដែលបាតុភូតនេះនឹងធ្វើឱ្យព្រះអាទិត្យលិចក្នុងរយៈពេលដ៏យូរអំឡុងចូលដល់រដូវរងានេះ។
តាមព័ត៌មាន Ladbible បានឱ្យដឹងថា ពលរដ្ឋក្នុងក្រុង Utqiagvik បានឃើញថ្ងៃលិចជាលើកចុងក្រោយបង្អស់ក្នុងឆ្នាំ ២០២៤ នេះ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ហើយពួកគេនឹងមិនអាចឃើញពន្លឺព្រះអាទិត្យទៀតឡើយ អាចត្រឹមទទួលបានពន្លឺតិចតួចប៉ុណ្ណោះរហូតដល់សប្ដាហ៍ចុងក្រោយនៃខែមករា ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ទីក្រុង Utqiagvik ដែលពីមុនត្រូវបានគេហៅឈ្មោះថា Barrow មានទីតាំងស្ថិតនៅភាគខាងជើងនៃរង្វង់អាកទិច (Arctic Circle)។ ទីក្រុងនេះដែរមានប្រជាជនរស់នៅប្រមាណជាង ៤ ០០០ នាក់ ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី ១២ នៃរដ្ឋ Alaska នេះបើតាមរបាយការណ៍ពី Wikipedia៕