លោក មួង ឃីម ត្រូវបញ្ចប់តួនាទីទាំងអស់ ជុំវិញបទចោទប្រកាន់ «ជំនួយឥទ្ធិពលសកម្ម និង ជំនួយឥទ្ធិពលអកម្ម»
តាមរយៈព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានបង្ហាញថា ព្រះមហាក្សត្របានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក មួង ឃីម ពីទីប្រឹក្សាក្រសួងយុត្តិធម៌ ឋានៈស្មើរដ្ឋលេខាធិការ។
បើតាមប្រភពសារព័ត៌មាន Fresh News បានឱ្យបានដឹងថា លោក មួង ឃីម ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងនេះ បន្ទាប់ពីលោកមានពាក់ព័ន្ធនឹងបទចោទប្រកាន់ «ជំនួយឥទ្ធិពលសកម្ម និង ជំនួយឥទ្ធិពលអកម្ម»។
គួរឱ្យដឹងដែរថា លោក មួង ឃីម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន និង ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយប្រកាន់ពីបទ «ជំនួយឥទ្ធិពលសកម្ម និង ជំនួយឥទ្ធិពលអកម្ម» នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ដែលមានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងលោក លី សាម៉េត ហៅគ្រូមា៕
ប្រភព ៖ Fresh News