ប្រទេសអូស្រ្តាលីកំពុងរៀបចំចេញច្បាប់ថ្មី ហាមក្មេងអាយុក្រោម ១៦ ឆ្នាំលេងបណ្តាញសង្គមធំៗ
ថ្មីៗនេះ ប្រទេសអូស្រ្តាលីបានកំពុងពិចារណាមើលទៅលើច្បាប់ថ្មី ដែលជាច្បាប់ហាមក្មេងដែលអាយុក្រោម ១៦ ឆ្នាំ លេងបណ្តាញសង្គមធំៗ។
ក្នុងនោះ ច្បាប់នេះត្រូវបានស្នើឡើងដោយ Michelle Rowland ជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព័ត៌មាន ដែលខាងរដ្ឋបាលបានសរសើរ និង ចាត់ទុកថានេះគឺជាការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយសង្គមឈានមុខគេរបស់ពិភពលោក។ ច្បាប់នេះក៏រួមបញ្ចូលទាំងការផាកពិន័យជាលុយចំនួន ៥០ លានដុល្លារអូស្ត្រាលី ទៅលើក្រុមហ៊ុនបណ្តាញសង្គមណា ដែលមិនបានរៀបចំ និង អនុវត្តឱ្យផែនការទប់ស្កាត់ដាក់កម្រិតអាយុទៅលើជនដែលប្រើប្រាស់បណ្តាញសង្គមផងដែរ។
យ៉ាងណាមិញ ច្បាប់នេះត្រូវបានគេរំពឹងថានឹងអនុវត្តចំពោះសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន TikTok, X, Instagram និង Snapchat។ គួរឱ្យដឹងដែរថា ច្បាប់មួយនេះត្រូវបានគេស្នើឡើង ក្រោយពីមានករណីដែលកុមារបានធ្វើអត្តឃាតដោយសារតែមានការគំរាមកំហែងនៅក្នុងបណ្តាញសង្គម។ ដោយឡែក មានឪពុកម្តាយច្រើនណាស់ដែលគាំទ្រច្បាប់នេះ ប៉ុន្តែក៏មានជនមួយចំនួនមិនពេញចិត្តដូចគ្នាដែរ៕
ប្រភព៖ Sanook