ទំនេរមែន! សុខៗទៅលេបកូនសោ និង កន្ត្រៃកាត់ក្រចកចូលពោះ រវល់ដល់ពេទ្យប្រឹងវះកាត់យកចេញឡើងបែកញើស
មានករណីដ៏កម្រមួយបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយក្រុមគ្រូពេទ្យជាច្រើនព្យាយាមជួយសង្គ្រោះជីវិតបុរសវ័យ ២២ ឆ្នាំម្នាក់ ក្រោយរូបគេលេបកូនសោ កន្ត្រៃកាត់ក្រចក និង កាំបិតចូលទៅក្នុងពោះ។
តាមសារព័ត៌មាន Viral Press បានឱ្យដឹងថា មុនកើតហេតុម្ដាយរបស់បុរសខាងលើបានបាត់កូនសោហើយក៏ដើររក ស្រាប់តែកូនប្រុសបានប្រាប់ថារូបគេលេបចូលពោះហើយ។ ពេលនោះដែរ គាត់គិតថាកូននិយាយលេងសើច ប៉ុន្តែពេលនាំគេទៅ scan ខ្លួនមើលនៅមន្ទីរពេទ្យ ម្ដាយក៏ស្លុតចិត្តរហូតគាំងនិយាយមិនចេញព្រោះតែសម្ដីដែលកូននិយាយគឺជាការពិតមែន។ អ្វីដែលរន្ធត់ជាងនេះទៅទៀតនោះ ក្នុងខ្លួនរបស់គេមិនមែនរកឃើញត្រឹមតែកូនសោនោះឡើយ តែក៏មានរបស់នឹកស្មានមិនដល់មួយចំនួនផ្សេងទៀតដូចជា កន្ត្រៃកាត់ក្រចក និង កាំបិតជាដើម។
គ្រូពេទ្យបានធ្វើការវះកាត់យ៉ាងយកចិត្តទុកដាក់បំផុត ហើយបើទោះបីជាការវះកាត់នេះជួបការលំបាកពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យនៅតែអាចជួយសង្គ្រោះអ្នកជំងឺយកវត្ថុមុតស្រួចទាំងនោះចេញពីក្រពះរបស់គេបានដោយជោគជ័យ។ ចំពោះទង្វើដ៏ចម្លែករបស់កូនប្រុសនេះដែរ ម្ដាយអ្នកជំងឺបានចោទទៅលើការញៀនលេងទូរស័ព្ទរបស់កូនទើបធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គេបែបនេះ។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត Kumar ដែលជាអ្នកវះកាត់អ្នកជំងឺខាងលើ ក៏យល់ស្របនឹងការលើកឡើងរបស់ស្ត្រីជាម្ដាយដូចគ្នា ដោយលោកនិយាយថាសកម្មភាពរបស់បុរសរូបនោះពិតជាកើតឡើងដោយសារការលេងទូរស័ព្ទច្រើនលើសលប់ពិតមែន។
ទោះជាយ៉ាងណា អាការពិតប្រាកដនៃបុរសជាអ្នកជំងឺរូបនេះនៅតែមិនទាន់ដឹងប្រាកដនោះឡើយ ប៉ុន្តែបើតាមសកម្មភាពដែលគេធ្វើអាចជារោគសញ្ញានៃជំងឺមួយហៅថា Pica Syndrome ដែលជាជំងឺពាក់ព័ន្ធនឹងផ្លូវចិត្តធ្វើឱ្យអ្នកជំងឺមានការទទួលទានខុសប្រក្រតី ធ្វើឱ្យគេញ៉ាំអ្វីបានគ្រប់យ៉ាងទាំងអស់ទោះជារបស់នោះមិនមែនជាអាហារក៏ដោយ។ ជំងឺប្រភេទនេះភាគច្រើនកើតមានលើយុវវ័យក្មេងៗ ស្ត្រីមានផ្ទៃពោះ និង អ្នកដែលមានបញ្ហាសតិមិនប្រក្រតីដូចជាអ្នកកើតមានអូទីហ្សឹម ពិការភាពផ្នែកសតិបញ្ញា និង អ្នកកើតជំងឺវិកលចរិតជាដើម៕