ប្រញាប់ឡើង! ក្រសួងសេដ្ឋកិច្ច ប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់ ៣ មុខតំណែងនេះ
នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អគ្គនាយកដ្ឋានរតនាគារជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងនោះ អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ជាក់ឱ្យដឹងថា នាយកដ្ឋានគោលការណ៍ គណនេយ្យ និង វិភាគការអនុវត្តថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ៣ រូប មកបម្រើការងារពេញម៉ោង ក្នុងមុខតំណែងដូចខាងក្រោម៖
១. ផ្នែករៀបចំ និង អនុវត្តគោលការណ៍គណនេយ្យស្តីពីទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ ចំនួន ១ រូប
២. ផ្នែកគាំទ្រការអនុវត្តកិច្ចបញ្ជីកាគណនេយ្យនៃចំណូលមិនមែនសារពើពន្ធ ចំនួន ១ រូប
៣. ផ្នែកគាំទ្រដល់ការវិភាគការអនុវត្តថវិកា ចំនួន ១ រូប។
ចំពោះកាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៧:៣០ នាទី ក្នុងនោះ មានតែបេក្ខជន ឬ បេក្ខនារីដែលជាប់ក្នុងដំណាក់កាលសម្រាំងជ្រើសរើសដំបូង (Shortlist) តែប៉ុណ្ណោះ ដែលនឹងត្រូវអញ្ជើញមកធ្វើតេស្តសរសេរ និង សម្ភាសន៍ផ្ទាល់មាត់៕