កុំយក-កទៅលអន្ទាក់! បុរសម្នាក់ជួបផ្ទាល់ ថាល្បែងអនឡាញគឺជាអន្ទាក់មរណៈ បើផុងខ្លួនលេងហើយ នឹងនាំអន្តរាយទាំងគ្រួសារ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីមានបុរសម្នាក់ បានចែករំលែកបទពិសោធដែលលោកធ្លាប់ជួបប្រទះទាក់ទិនទៅនឹងអន្ទាក់ល្បែងអនឡាញ បន្ទាប់ពីមានអ្នកផុងខ្លួន រហូតដល់បញ្ចប់ជីវិត ចាកចោលក្រុមគ្រួសារ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
ជាក់ស្ដែងតាមរយៈគណនី TikTok ដែលមានឈ្មោះ លីម ម៉ានី បានបង្ហោះវីដេអូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយបានរៀបរាប់ពីអន្ទាក់ល្បែងអនឡាញដែលលោកបានជួបប្រទះ ជាអន្ទាក់មរណៈ ដែលអាចបណ្ដាលឱ្យស្លាប់ទាំងអ្នកប្រព្រឹត្ត និង ស្លាប់ទាំងក្រុមគ្រួសារដែលឥតដឹងអ្វី ខណៈអន្ទាក់នៃល្បែងអនឡាញនេះ គឺចាប់ផ្ដើមដោយក្រុមហ៊ុនអនឡាញ ហ្វ្រីទាំងលុយខ្មែរ និង លុយដុល្លារឱ្យលោកស្រស់ៗ ដើម្បីបើកយកទៅលេងជាមួយក្រុមហ៊ុនអនឡាញវិញ ដោយលួងលោមតាមរូបភាពណាមួយឱ្យបានលេងជាមួយគេ។ លោកបានបន្តថា លោកបានភ្លាត់ស្នៀតម្ដង ដោយគេឱ្យចុចអ្វីមួយតាមគេ ស្រាប់តែលោកចុចមួយហើយ ដោយមិនបានលេងភ្នាល់ជាមួយផង ស្រាប់តែក្រុមហ៊ុនគេឱ្យលោកឈ្នះ និង អបអរសាទរ។
លោកបានបន្តថា ៖ «ពេលហ្នឹងហើយ ខ្ញុំគិតឃើញថាសាហាវមែន។ នេះជាខ្ញុំ តែបើមិនមែនជាខ្ញុំយ៉ាងម៉េច? អ្នកគិតមិនដល់ អ្នកលោភលន់ចង់បាន ឬមួយក៏គ្នាកំពុងតែមានទ្រព្យតិចតួច ប៉ុន្តែគ្នាគិតឃើញថាវាជាលុយដែលងាយៗ ដែលវាឱ្យឈ្នះតែដំបូងៗទេ ក្រោយមកគឺវាសម្លាប់អារ-កហើយ ស្លាប់ទាំងរស់ បញ្ជាធ្វើឱ្យមនុស្សរស់ទៅជាលោតទឹក មនុស្សរស់ទៅជាចងក មនុស្សរស់ទៅជាធ្វើអត្តឃាតដោយសារអី ដោយសារលង់ខ្លួន ដោយសារដំបូងវាបាញ់លុយឱ្យទាំងលានៗ ទាំងរយៗ ទាំងពាន់ៗ ហើយវាឱ្យយើងយកលុយដែលវាឱ្យ លេងជាមួយវា»។
យ៉ាងណាមិញ នេះជាសារ និង ការចែករំលែកបទពិសោធសំខាន់មួយ បើកាលណាក្រុមហ៊ុនល្បែងអនឡាញបាញ់លុយហ្វ្រីជូនមិនថាជាដុល្លារ មិនថាជាលុយខ្មែរ បងប្អូនកុំបើកកុង កុំទទួលយក និង គួរតែប្លុកចោល ចៀសវាងចាញ់បោកការលួងលោមណាមួយ នាំឱ្យផុងខ្លួនស្លាប់ទាំងអ្នកប្រព្រឹត្ត និង ក្រុមគ្រួសារដែលឥតដឹងអ្វី៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ