កាន់តែភ្ញាក់ផ្អើល! ថៃទើបរកឃើញសព ៤១ នាក់ត្រូវព្រះសង្ឃប្រើធ្វើសមាធិក្នុងវត្ត ឥលូវប៉ូលិសរកឃើញ ៣២ សពបន្ថែមនៅវត្តផ្សេង
ថ្មីៗនេះ នៅក្នុងប្រទេសថៃកំពុងផ្ទុះកក្រើកករណីកម្រមួយ ដោយមានព្រះសង្ឃមួយអង្គឈ្មោះ Nakhon Chai Buri គង់នៅក្នុងខេត្ត Phichit បានប្រមូលសាកសពមកទុករហូតដល់ទៅ ៤១ សាកសព ដោយអះអាងថាទុកសម្រាប់ជួយដល់ការធ្វើសមាធិហ្វឹកហ្វឺនផ្លូវចិត្ត។
មកទល់ពេលនេះ ខាងអាជ្ញាធរពាក់ព័ន្ធកំពុងតែដុតដៃដុតជើង ក្នុងការស៊ើបសួរ និង ត្រួតពិនិត្យក្នុងករណីនេះ ដោយមានការត្រួតពិនិត្យទៅលើចៅអធិការ និង ត្រួតពិនិត្យទៅលើសាកសពទាំងអស់នោះ ព្រោះថាសពចំនួន ៤១ នោះ សុទ្ធតែមានលិខិតមរណៈបញ្ជាក់ត្រឹមត្រូវ ចំណែកឯអជ្ញាធរក៏កំពុងទាក់ទងទៅគ្រួសារសព ដើម្បីស៊ើបអង្កេតថា សពទាំងនោះត្រូវបានគ្រួសារបរិច្ចាគពិតប្រាកដ ឬយ៉ាងណា។
ខណៈអាជ្ញាធរកំពុងប្រតិបត្តិការករណីមួយនេះ ស្រាប់តែមានបែកធ្លាយករណីស្រដៀងនឹងករណីនេះមួយទៀត ដោយគេបានរកឃើញសពចំនួន ៣២ ទៀត ដែលកំពុងប្រមូលទុកនៅក្នុងវត្ត Pa Siwilai ដែលស្ថិតនៅក្នុងខេត្ត Phichit ដដែល។
តាមព័ត៌មានបានឱ្យដឹងថា ករណីទាំងពីរនេះវាអាចទាក់ទងគ្នា ព្រោះវត្ត Pa Siwilai នេះ គឺវត្តដែលចៅអធិការរបស់សំណាក់សង្ឃធ្លាប់គង់ពីមុនមក មុននឹងចេញមកសាងសំណាក់ថ្មីនេះឯង។ ដោយឡែក អាជ្ញាធរក៏កំពុងតែបង្កើនការស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីទាំង ២ ព្រោះសង្ស័យថាមានសំណាក់សង្ឃផ្សេងៗទៀតនៅក្នុងខេត្ត Phichit ក៏នៅមានការរក្សាទុកសាកសពដើម្បីប្រើប្រាស់ក្នុងការធ្វើសមាធិដូចគ្នា៕
ប្រភព៖ Khaosod