ក្ដៅគគុក! ចៅហ្វាយស្រុកម្នាក់ទម្លាយថា ចៅអធិការវត្តដែលលាក់សពធ្វើសមាធិនោះ ធ្លាប់ឱ្យសិស្សសាលារាប់រយនាក់ទៅធ្វើសមាធិក្នុងមឈូស និងក្នុងទ្រុងពស់ថ្លាន់
ថ្មីៗនេះ កំពុងតែមានករណីមួយផ្ទុះខ្លាំងណាស់នៅក្នុងប្រទេសថៃ ដោយមានសំណាក់សង្ឃ និងវត្តមួយកន្លែងក្នុងខេត្ត Pichit បានប្រមូលសាកសពទុកសរុប ៧៣ សព សម្រាប់ជំនួញដល់ការធ្វើសមាធិហ្វឹកហ្វឺនចិត្ត។
យ៉ាងណាមិញ មកដល់ពេលនេះ អាជ្ញាធររបស់ថៃកំពុងតែដុតដៃដុតជើងក្នុងការស្រាវជ្រាវពិនិត្យឱ្យច្បាស់លាស់នៅក្នុងករណីនេះ ដោយគេនឹងធ្វើការស៊ើបសួររកអត្តសញ្ញាណរបស់សព ដើម្បីឱ្យដឹងថាសពទាំងនោះបានស្លាប់របៀបណា ហើយនឹងស៊ើបទៀតថាសពទាំងនេះត្រូវបានញាតិបរិច្ចាគឬយ៉ាងណា។
ដោយឡែក ទាក់ទងនឹងករណីនេះ ចៅហ្វាយស្រុកនៅទីតាំងកើតហេតុបានឱ្យដឹងថា កាលពីឆ្នាំ ២០០៩ កន្លងទៅ ចៅអធិការរបស់សំណាក់សង្ឃនេះ ធ្លាប់ដឹកនាំសិស្សសាលាចំនួន ៣៧៩ នាក់ ទៅធ្វើសមាធិ ហើយបានឱ្យពួកគេទៅសមាធិនៅក្នុងមឈូស និង ទ្រុងពស់ថ្លាន់ទៀតផង។ ក្នុងនោះ មានសិស្សខ្លះត្រូវពស់រឹត សិស្សខ្លះទៀតក៏ភ័យលស់ព្រលឹង រហូតដល់ថ្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ដោយឡែក ក្រៅពីកំពុងប្រតិបត្តិការស៊ើបអង្កេតលើករណីនេះហើយ ខាងអាជ្ញាធរក៏កំពុងតែស៊ើបអង្កេតតទៅទៀត ព្រោះគេសង្ស័យថាមានវត្ត និង សំណាក់សង្ឃផ្សេងៗទៀតក៏មានករណីប្រមូលសពទុកដូចគ្នានេះដែរ៕
ប្រភព៖ MATICHON