ទុកចិត្តៗចុងក្រោយទឹកភ្នែក! រៀបការរស់រួមជាមួយគ្នាបានកន្លះឆ្នាំហើយ ប្រពន្ធទើបដឹងថាប្ដីផ្ទុកជំងឺសង្គមតាំងពីមិនទាន់ការ
សារព័ត៌មាន HK01 បានទម្លាយរឿងរ៉ាវរបស់នារីជនជាតិចិនម្នាក់ ដែលបានសុំប្តីលែងលះភ្លាមៗ ក្រោយរៀបការបានកន្លះឆ្នាំ ព្រោះតែឆែកហោប៉ៅប្តីទៅឃើញមានថ្នាំការពារជំងឺអេដស៍។
តាមព័ត៌មានបានឱ្យដឹងថា នារីរូបនេះ បានស្គាល់គ្នាជាមួយនឹងប្តីក្នុងឆ្នាំ ២០២០ កន្លងទៅ ដោយតាមរយៈការណែនាំរបស់គ្រួសារ ហើយក៏ទាក់ទងគ្នារហូតដល់ឆ្នាំ ២០២៣ ទើបសម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នា។ ក្នុងនោះ នាងមិនបានឱ្យប្តីត្រួតពិនិត្យសុខភាពមុនរៀបការឡើយ ព្រោះតែទុកចិត្ត និងគិតថាប្តីនាងជាមនុស្សល្អគ្រប់យ៉ាង។
យ៉ាងណាមិញ មកដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ ដដែល នាងស្រាប់តែឆែកឃើញថ្នាំការពារមេរោគអេដស៍នៅក្នុងហោប៉ៅខោរបស់ប្តី ទើបនាងក៏ឆោឡោសួរនាំរហូតដល់ដឹងថា ប្តីរបស់នាងបានឆ្លងជំងឺអេដស៍នៅក្នុងឆ្នាំ ២០២១ ហើយសំងំព្យាបាលលេបថ្នាំដោយមិនឱ្យនាងដឹងឡើយ ព្រោះគិតថាខ្លួនលេបថ្នាំបានត្រឹមត្រូវ ធ្វើឱ្យជំងឺនេះមិនអាចឆ្លងបានឡើយ។ ដោយឡែក នារីជាប្រពន្ធពិតជាខឹងខ្លាំងណាស់ចំពោះរឿងនេះ នាងក៏បានដាក់ពាក្យប្តឹងលែងលះទៅតុលាការ ហើយតុលាការក៏បានកាត់ក្តីឱ្យនាងបានលែងលះប្តីបានសម្រេច៕
ប្រភព៖ Sanook