ប្រាប់តៗគ្នាផង! អ្នកមាន ប័ណ្ណសមធម៌ និង ប័ណ្ណ ប.ស.ស អាចទៅទទួលសេវាពិនិត្យ និង ពិគ្រោះជំងឺនៅមន្ទីរពេទ្យ ហ្លួងម៉ែ បាន
មន្ទីរពេទ្យហ្លួងម៉ែ បានចាប់ផ្ដើមបើកដំណើរការដំណាក់កាលដំបូងលើការពិនិត្យ និង ពិគ្រោះជំងឺក្រៅ ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
បន្ទាប់ពីបានចាប់ផ្ដើមបើកដំណើរការដំណាក់កាលដំបូងមក នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថ្មីៗនេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានជូនដំណឹងឱ្យបានដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ និង ប័ណ្ណ ប.ស.ស អាចអញ្ជើញទៅទទួលសេវាពិនិត្យ និង ពិគ្រោះជំងឺបាន នៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដោយអាចទំនាក់ទំនងសួរព័ត៌មានតាមរយៈលេខ 010 228 965។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា មន្ទីរពេទ្យហ្លួងម៉ែ មានផ្តល់សេវាដូចខាងក្រោម ៖
១. ពិនិត្យ និង ស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening)
២. ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)
៣. ពិនិត្យ និង ពិគ្រោះជំងឺមហារីកទាក់ទងនឹង៖
– រោគស្ត្រី (មាត់ស្បូន, សុដន់, ក្រពេញអូវែរ, ស្បូន)
– ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និង លំពែង)
– ប្រព័ន្ធទឹកម៉ូត្រ
– ប្រព័ន្ធដង្ហើម៕