ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានព្រិលធ្លាក់ខ្លាំងក្លាបំផុត ប៉ះពាល់ដល់ផ្លូវអាកាស និង ផ្លូវទឹកមិនអាចធ្វើដំណើរបាន
ទីក្រុងសេអ៊ូល ដែលជាទីជម្រកនៃពលរដ្ឋកូរ៉េខាងត្បូងសឹងពាក់កណ្ដាល បានទទួលរងនូវការធ្លាក់ព្រិលជាលើកដំបូងហើយនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ (ពេលវេលាក្នុងតំបន់) ដោយទីកន្លែងជាច្រើនគ្របដណ្ដប់ទៅដោយព្រិលយ៉ាងក្រាស់ និង សក្បុស។
នៅព្រឹកម៉ោង ៧ (ពេលវេលានៅកូរ៉េ) តំបន់ក្នុងក្រុងសេអ៊ូលមានព្រិលធ្លាក់យ៉ាងខ្លាំងក្នុងកម្រាស់ ១៦.៥ សង់ទីម៉ែត្រ ដែលនេះជាការធ្លាក់ព្រិលខ្លាំងបំផុតមិនធ្លាប់មានក្នុងខែវិច្ឆិកាគិតតាំងខាងរដ្ឋបាលឧតុនិយមកូរ៉េ (KMA) ផ្ដើមកំណត់ទិន្នន័យក្នុងឆ្នាំ ១៩០៧ មក។
ជាមួយគ្នានោះដែរខាង KMA និង អាជ្ញាធរក្រុងបានធ្វើការដាក់ចេញការព្រមានពីការធ្លាក់ព្រិលខ្លាំងនៅតាមតំបន់ភាគឦសានដូចជាតំបន់ Nowon, Seongbuk និង Dobong ដែលរំពឹងថានឹងមានព្រិលធ្លាក់ខ្លាំងក្នុងកម្រាស់រហូតដល់ ២០ សង់ទីម៉ែត្រក្នុងរយៈពេលត្រឹម ២៤ ម៉ោង។
ការធ្លាក់ព្រិលដ៏ខ្លាំងក្លានេះដែរបានប៉ះពាល់ដល់ជើងហោះហើរជាង ២០០ ទូទាំងប្រទេស ខណៈសាឡាងចំនួន ៩០ គ្រឿងត្រូវបានគាំងនៅនឹងផែមិនអាចធ្វើដំណើរបាន។
គួរបញ្ជាក់ថា ការធ្លាក់ព្រិលនេះដែរត្រូវព្យាករណ៍រំពឹងថានឹងបន្តធ្លាក់ពាសពេញប្រទេសរហូតដល់រសៀលថ្ងៃស្អែក៕
ប្រភព៖ VN EXPRESS