បុរសនៅកូរ៉េម្នាក់កំពុងផ្ទុះល្បី ជិះស្គីលើព្រិលក្រាស់ឃ្មឹកទៅធ្វើការ ខណៈពលរដ្ឋផ្សេងទៀតត្រូវជាប់គាំងក្នុងផ្ទះ ចេញទៅណាមិនរួច
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ទីក្រុងសេអ៊ូល និង មួយផ្នែកនៃខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង បានរងការធ្លាក់ព្រិលខ្លាំងក្លាបំផុតរហូតតំបន់ខ្លះមានព្រិលធ្លាក់ក្នុងកម្រាស់រហូតដល់ ៤០ សង់ទីម៉ែត្រក៏មាន ជាក់ស្ដែងដូចជានៅទីក្រុង Yongin ជាដើម។
ការធ្លាក់ព្រិលយ៉ាងគំហុក និង ក្រាស់ឃ្មឹកនេះដែរ បានធ្វើឱ្យពលរដ្ឋក្នុងក្រុង Yongin ត្រូវបានជាប់គាំងនៅក្នុងផ្ទះដោយសារតែមធ្យោបាយសាធារណៈនានាត្រូវបានផ្អាកដំណើរការក្នុងថ្ងៃនោះ។ យ៉ាងណាមិញ បញ្ហាអាកាសធាតុនេះដែរមិនមែនជាឧសគ្គសម្រាប់បុរសជនជាតិកូរ៉េម្នាក់នេះក្នុងការធ្វើដំណើរទៅធ្វើការនោះឡើយ។
វីដេអូនៃបុរសខាងលើនេះដែរបានផ្ទុះចែករំលែកជាខ្លាំងលើបណ្ដាញសង្គម X និង Instagram ដោយសារតែលោកបានជិះស្គីទៅធ្វើការយ៉ាងរលូន។ ដោយឡែក ក្រោយវីដេអូកាន់តែផ្ទុះល្បីខ្លាំងទៅៗ ទើបមានការទម្លាយថាតាមពិតបុរសដែលជិះស្គីទៅធ្វើការនោះ គឺជាអតីតកីឡាករជិះស្គីអូឡាំពិកម្នាក់តំណាងឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង៕