ទាន់ហេតុការណ៍! ឃាត់ខ្លួនស្ត្រី ២ នាក់បញ្ចូនទៅតុលាការ ករណីយកលុយ ៣០ ម៉ឺនដុល្លារ ឱ្យលោក មួងឃីម និង លី សាម៉េត រត់ការចង់ឱ្យកូនចូលជាមន្ត្រីគយនៅបាត់ដំបង
នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ ACU បានឃាត់ខ្លួនស្ត្រីចំនួន ២ រូប ពាក់ព័ន្ធនឹងករណីយកលុយប្រមាណ ៣០ ម៉ឺនដុល្លារ ទៅឱ្យលោក មួង ឃីម និង លោក លី សាម៉េត ហៅគ្រូមា ដើម្បីរត់ការក្លាយជាមន្រ្តីគយ នៅខេត្តបាត់ដំបង។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុក Fresh News។
តាមប្រភពបានបញ្ជាក់ឱ្យដឹងថា ស្ត្រីដែលត្រូវបាន ACU ឃាត់ខ្លួនទាំង ២ នាក់នោះមានឈ្មោះ លោកស្រី ឆាយ សុវណ្ណារី និង លោកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍ ដែលជាអ្នកនាំយកលុយចរចាជាមួយលោក មួង ឃីម និង លោក លី សាម៉េត។
បច្ចុប្បន្ន ស្រ្តីទាំង ២ នាក់ខាងលើនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅវេលាម៉ោង ៩៖៣០ ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ៕
ប្រភព ៖ Fresh News