ទីបំផុត សេដ្ឋីវ័យក្មេងនៅចិន យកចេកទិញបានក្នុងតម្លៃជាង ៦ លានដុល្លារនោះ បកខាំញ៉ាំមួយម៉ាត់ដំបូងក៏លានមាត់បែបនេះ
នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ម្ចាស់ក្រុមហ៊ុន Crypto ជនជាតិចិន Justin Sun បានចេញមុខមកធ្វើតាមការសន្យា ដោយបានបកផ្លែចេកដែលលោកដេញថ្លៃបានក្នុងតម្លៃ ៦.២ លានដុល្លារញ៉ាំនៅមុខអ្នកកាសែត និង influencers ក្នុងស្រុក។
ក្រោយបក និង ខាំមួយម៉ាត់ដំបូង លោក Justin Sun បាននិយាយថា៖ «ចេកនេះពិតជាល្អជាងចេកដទៃមែន។ វាពិតជាឆ្ងាញ់ណាស់»។ បន្ថែមពីនេះ លោកក៏បានបង្ហាញអារម្មណ៍ទៀតថា៖ «ញ៉ាំវានៅក្នុងសន្និសីទកាសែតបែបនេះក៏ជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់សិល្បៈដែរ»។
គួររំឭកថា សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងដែលមានឈ្មោះថា «Comedian» ត្រូវបានបង្កើតឡើងដោយសិល្បករអ៊ីតាលីម្នាក់ឈ្មោះ Maurizio Cattlelan ក្នុងឆ្នាំ ២០១៩។ សិល្បៈរបស់លោកបង្កើតឡើងដោយការយកផ្លែចេកមួយផ្លែដែលលោកទិញពីផ្សារមួយកន្លែងនៅក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក យកមកបិទស្កុតជាប់ទៅនឹងជញ្ជាំង៕
ប្រភព៖ CNA