ញ៉ាំមួយផ្លែជាប់ចិត្ត សេដ្ឋីចិនម្ចាស់ចេកបិទស្កុតតម្លៃជាង ៦ លានដុល្លារ ទម្លាយចង់ទិញចេក ១០ ម៉ឺនផ្លែថែមទៀត
មេធំក្រុមហ៊ុន Crypto នៅចិន លោក Justin Sun កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅបានប្រកាសថា លោកចង់ទិញចេកចំនួន ១០ ម៉ឺនផ្លែពីតូបលក់ផ្លែឈើរបស់លោក Shah Alam នៅទីក្រុងញ៉ូយ៉ក ដើម្បីជាការអរគុណលោកសម្រាប់ការលក់ចេក original យកធ្វើជាសិល្បៈឈ្មោះ Comedian ដែលលោក Sun ដេញថ្លៃទិញបានក្នុងតម្លៃ ៦.២ លានដុល្លារកាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនោះ។
សរសេររៀបរាប់លើបណ្ដាញសង្គម X លោក Sun បានរៀបរាប់ថា៖ «ចេកទាំងនេះនឹងចែកចាយដោយឥតគិតថ្លៃនៅទូទាំងពិភពលោកតាមរយៈតូបរបស់លោក Alam។ អ្នកដែលមកហើយបង្ហាញអត្តសញ្ញាណត្រឹមត្រូវនឹងទទួលបានម្នាក់មួយផ្លែ»។
ការសម្រេចចិត្តរបស់លោក Justin Sun នេះដែរ បានធ្វើឡើងក្រោយមានសារព័ត៌មានអាមេរិកមួយបានសម្ភាសលោក Alam ដែលជាអ្នកលក់ចេក original ឱ្យក្រុមហ៊ុនដេញថ្លៃ Sotheby’s ក្នុងតម្លៃត្រឹម ២៥ សេន ដើម្បីយកទៅបង្កើតជាសិល្បៈ «ចេកបិទស្កុតជាប់ជញ្ជាំង»។ អត្ថបទព័ត៌មាននោះថែមទាំងបានរៀបរាប់ពីស្ថានភាពរបស់លោក Alam និង ទម្លាយថាលោកបានយំក្រោយដឹងតម្លៃចេកបិទស្កុតដេញថ្លៃលក់បានរាប់លានដុល្លារកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
លោក Alam បានរៀបរាប់ថា ៖ «ខ្ញុំក្រីក្រណាស់ ខ្ញុំមិនដែលស្គាល់លុយច្រើនសន្ធឹកម្ល៉ឹងទេ»។ ស្ថានភាពរបស់លោក Alam បានធ្វើឱ្យលោក Sun រំជួលចិត្តជាខ្លាំង រហូតលោកលើកឡើងថា ៖ «តួនាទីនៃអ្នកលក់ចេកឱ្យសិល្បៈដ៏ល្បីល្បាញមួយនេះ គឺយើងមិនគួរមើលស្រាលឡើយ»។
យ៉ាងណាមិញ លោក Alam គឺត្រឹមតែជាអ្នកលក់ចេកឱ្យគេប៉ុណ្ណោះ សម្រាប់ម្ចាស់តូបគឺជាបុរសម្នាក់ទៀតឈ្មោះ Mohammad R. Islam។ លោក Islam បានបញ្ជាក់ថា ប្រាក់ទទួលបានពីការលក់ចេក ១០ ម៉ឺនផ្លែនោះ លោកនឹងធ្វើការចែកឱ្យលោក Alam និង បុគ្គលិកលោក ៥ នាក់ផ្សេងទៀត ប៉ុន្តែឥលូវនេះលោកនៅមិនទាន់ទទួលបានការទាក់ទងពីលោក Justin Sun នៅឡើយទេ។
លោក Alam បានបញ្ជាក់បន្ថែមដែរថា ការទិញចេករាប់ម៉ឺនផ្លែនេះគឺត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងការទិញពីផ្សារបោះដុំ Brinx ហើយសម្រាប់ការដឹកជញ្ជូនក៏មិនងាយស្រួលដែរ។ ចំពោះចំណូលដែលទទួលបានពីការលក់ចេក ១០ ម៉ឺនផ្លែនោះវិញក៏បានមិនច្រើនដែរ គឺត្រឹម ៦ ពាន់ដុល្លារប៉ុណ្ណោះ៕