ចែកគ្នាដឹង! អ្នកមានប័ណ្ណ ប.ស.ស ពេលឈប់ធ្វើការ ប័ណ្ណលោកអ្នកនៅតែអាចបន្តប្រើបាន ក្នុងលក្ខខណ្ឌ ២ នេះ
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ឱ្យមហាជនបានជ្រាបថា ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និង មានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារ នោះប័ណ្ណសមាជិក ប.ស.ស. របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បាន។
បេឡាជាតិសន្តិសុខសង្គម បានបន្ថែមឱ្យដឹងថា ការប្រើប្រាស់នោះទៀតសោត គឺគោរពទៅតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
១. ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និង ថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នក បានប្រកាសភាគទានមក ប.ស.ស. បានចំនួន ២ ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី ២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.។
២. ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និង ថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទានមក ប.ស.ស. បានយ៉ាងតិចចំនួន ៦ ខែក្នុងរយៈពេល ១២ ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕