យល់ដឹងឱ្យច្បាស់! ប័ណ្ណ ប.ស.ស មិនរាប់បញ្ចូលទៅលើសេវាព្យាបាល និង ការថែទាំវេជ្ជសាស្ត្រ ចំនួន ១៤ ចំណុចនេះទេ
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម បានចេញប្រកាសស្ដីពីលក្ខខណ្ឌបែបបទ និង នីតិវិធីនៃការផ្ដល់សេវាព្យាបាល និង ថែទាំវេជ្ជសាស្ត្រ សេវាស្ដារនីតិសម្បទា សេវា ឬការព្យាបាល និង ការថែទាំវេជ្ជសាស្ត្រដែលមិនរាប់បញ្ចូល និង ការផ្ដល់សេវាបង្ការសុខភាព និង ការកំណត់បញ្ជីជំងឺរ៉ាំរ៉ៃក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានជាកាតព្វកិច្ច។
តាមរយៈសេចក្ដីប្រកាសនេះ ត្រង់ចំណុចជំពូកទី ៤ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ពីសេវា ឬការព្យាបាល និង ការថែទាំវេជ្ជសាស្ត្រ ដែលមិនរាប់បញ្ចូលក្នុង ប.ស.ស មានដូចជា ៖
១. ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
២. ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និង ការដាក់ធ្មេញ)
៣. ការព្យាបាល និង ការវះកាត់ប្តូរភេទ
៤. ការផ្សំ ឬប្តូរសរីរាង្គផ្សេងៗ
៥. សេវាបង្កកំណើតដោយសិប្បនិម្មិត
៦. ការព្យាបាលដោយខ្លួនឯង
៧. ការព្យាបាល ឬការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ
៨. ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និង ភ្នែកសិប្បនិម្មិត
៩. ការព្យាបាលដោយកាំរស្មីឡាស៊ែរ
១០. ការព្យាបាលញៀនសុរា និង ផ្តាច់គ្រឿងញៀន
១១. ការព្យាបាលអសមត្ថភាពផ្តល់កំណើត
១២. ការវះកាត់បេះដូង និង សរសៃឈាមបេះដូង
១៣. ការលាងឈាម
១៤. ការពិនិត្យសុខភាពទូទៅ។
បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងទៀតថា ក្នុងករណីសង្គ្រោះបន្ទាន់ សេវា ឬការព្យាបាល និង ការថែទាំវេជ្ជសាស្ត្រដូចមានចែងខាងលើ ត្រូវបានផ្តល់ជូនសមាជិក ប.ស.ស. ស្របតាមលក្ខខណ្ឌដែលមានកំណត់ក្នុងប្រការ ៤ នៃប្រកាសនេះ៕
សូមអានសេចក្ដីប្រកាសនៅខាងក្រោម ៖