ធ្លាប់ឮតែចាស់ៗតំណាល មិនដែលឃើញផ្ទាល់! រុក្ខជាតិកម្រ «ផ្ការាំទឹករាំ» ត្រូវក្រុមពនេចរ រកឃើញក្នុងទឹកដីខេត្តកំពត ស្អាតប្លែកភ្នែកណាស់
ជារឿងដ៏គួរឱ្យរំភើប និង គួរឱ្យចាប់អារម្មណ៍ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារ ពនេចរ បានបង្ហាញពីការរកឃើញរុក្ខជាតិកម្រម្យ៉ាងឈ្មោះ «ផ្ការាំទឹករាំ» នៅភ្នំក្បាលរមាស ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ខណៈរុក្ខជាតិដែលបានប្រទះឃើញនេះផងដែរ គឺមានដុះចេញពីប្រហោងល្អាងថ្ម នៃឫសឈើជាច្រើន។
សូមបញ្ជាក់ដែរថា រុក្ខជាតិ «ផ្ការាំទឹករាំ» ជាប្រភេទរុក្ខជាតិកម្រ ដែលមិនងាយនឹងបានឃើញ និង ជួបប្រទះ ព្រមទាំងជារុក្ខជាតិក្នុងរឿងព្រេងនិទានខ្មែរ ដែលគេធ្លាប់និយាយថា ផ្ការាំទឹករាំ មានដុះតែនៅភ្នំខ្មោច ខេត្តពោធិ៍សាត់ តែចម្លែកត្រូវបានក្រុមការងារពនេចររកឃើញក្នុងខេត្តកំពត ដែលបន្ទាប់ពីបានរកឃើញ ក្រុមការងារក៏បានជូនដំណឹងទៅមន្ទីរបរិស្ថានខេត្តដើម្បីទៅពិនិត្យជាមួយគ្នា ជាថ្មីម្តងទៀត។
ក្នុងនោះផងដែរ ក្រោយទទួលនូវដំណឹងនេះ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ក៏បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ នេះ វេលាម៉ោង ៣ ៖ ៣០ នាទីរសៀល លោកនឹងចុះដល់ទីតាំង ដើម្បីពិនិត្យមើលរុក្ខជាតិកម្រមួយនេះ ដូចនេះបងប្អូនដែលមានបំណងចូលរួមទស្សនា អាចចូលរួមជាមួយលោកបាន៕
ប្រភពរូបភាព ៖ ពនេចរ