ប្រយ័ត្នចាញ់ល្បិចគេ! EDC បញ្ជាក់ថាមិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់តាមទូរស័ព្ទ ឬ ណែនាំឱ្យភ្ជាប់ Link អ្វីផ្សេងៗទេ
នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ អគ្គិសនីកម្ពុជា បានចេញសេចក្ដីក្រើនរំឭកដល់អតិថិជន ករណីមានជនឆបោកបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជា ឱ្យអតិថិជនភ្ជាប់តំណ Link ដើម្បីឈានទៅធ្វើការបោកប្រាស់តាមរូបភាពផ្សេងៗ ខណៈអគ្គិសនីកម្ពុជា មិនមានភ្នាក់ងារទាក់ទងទៅអតិថិជនផ្ទាល់តាមរយៈទូរស័ព្ទ ឬ ប្រព័ន្ធបណ្ដាញសង្គម ឬ គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ។
អគ្គិសនីកម្ពុជា បានឱ្យដឹងថា កន្លងមកមានដំណឹងថាមានជនខិលខូចមួយចំនួនតូចបានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់ អគ្គិសនីកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអតិថិជនឱ្យភ្ជាប់ EDC App បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែមរបស់គេ ដើម្បីឈានទៅធ្វើការបោកប្រាស់អតិថិជន ដោយបញ្ឆោតថានឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ឬប្រាក់ រង្វាន់ផ្សេងៗ។ល។
ដូច្នេះដើម្បីបង្ការបញ្ហានេះ អគ្គិសនីកម្ពុជា បញ្ជាក់ជូនថា EDC App គឺប្រើសម្រាប់ទទួលបានវិក្កយបត្រ ឌីជីថល ការត្រួតពិនិត្យវិក្កយបត្រទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្តូរបច្ចុប្បន្នភាពព័ត៌មាន (ឈ្មោះ អាសយដ្ឋាន…) ស្នើបន្តចរន្តថ្មី តម្លើងកម្លាំង ព្រមទាំងអាចតាមដានឯកសាររបស់ខ្លួន និង សារជូនដំណឹងផ្សេងៗដោយស្វ័យប្រវត្តិ គឺគ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុង ដែលមានតាមតម្រូវការ។
ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន ជៀសវាងការចាញ់បោកបញ្ឆោតពីក្រុមជនខិលខូច ដែលអាចចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក បង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់នូវថវិកា និង ពេលវេលា។ ទន្ទឹមនេះ អគ្គិសនីកម្ពុជា កំពុងធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ របស់ ក្រសួងមហាផ្ទៃ ដើម្បីប្រមូលភស្តុតាង វែកមុខចាប់ខ្លួនជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖