ខឹងគោវាយរទេះ! ឈ្លោះគ្នាជាមួយប្រពន្ធ ទៅបញ្ចេញកំហឹ.ងដាក់កូនបង្កើត រហូតដល់អស់បុណ្យ
ថ្មីៗនេះ មានករណីដ៏មិននឹកស្មានមួយ កំពុងតែបញ្ឆេះកំហឹងមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ ដោយមានបុរសជាឪពុកម្នាក់ ឈ្លោះគ្នាជាមួយប្រពន្ធ តែទៅធ្វើបាបកូនបង្កើតខ្លួនឯងដែលមានអាយុទើប ៦ ខែ ដោយរុញគ្នាធ្លាក់ពីលើគ្រែរហូតដល់ស្លាប់។
តាមស្រ្តីជាប្រពន្ធបានឱ្យដឹងថា នៅថ្ងៃកើតហេតុ នាង និងប្តីបានឈ្លោះទាស់ទែងគ្នា ដោយខាងប្រុសបានផឹកស្រវឹងឡូឡារករឿងធ្វើបាបនាង ហើយក៏បានដេញនាងចេញពីផ្ទះ ថែមទាំងមិនឱ្យនាងយកកូនប្រុសដែលមានអាយុ ៦ ខែមកជាមួយឡើយ។ ស្រ្តីជាប្រពន្ធក៏បានប្រញាប់ទៅប្តឹងប៉ូលិស ស្អែកឡើងប៉ូលិសក៏បានចុះទៅមើលដល់ផ្ទះ ប៉ុន្តែគ្មានអ្នកបើកទ្វារឱ្យ លុះក្រោយមកទើបបុរសជាប្តីបានឱ្យស្រ្តីជាប្រពន្ធចូលក្នុងផ្ទះវិញ តែបានប្រាប់ថាកូនបានស្លាប់ទៅហើយ ព្រោះតែធ្លាក់ពីលើគ្រែ។
ស្រ្តីជាម្តាយពិតជារន្ធត់ខ្លាំងណាស់ ហើយក៏នឹកសង្ស័យនឹងប្តីព្រោះឃើញស្នាមជាំ និង ស្នាមខាំជាច្រើននៅលើខ្លួនកូនប្រុស រួចនាងក៏បានទាក់ទងទៅអាជ្ញាធរឱ្យមកជួយអន្តរាគមន៍ជាថ្មី។ យ៉ាងណាមិញ ក្រោយពីត្រូវបានសាកសួរចម្លើយ ទើបបុរសជាប្តីក៏បានសារភាពថាខ្លួនពិតជាបានធ្វើបាបកូនពិតមែន ដោយបានរុញគេទម្លាក់ពីលើគ្រែ ព្រោះតែគេយំមិនបាត់។ ចុងក្រោយ បុរសរូបនេះក៏ត្រូវប៉ូលិសចោទប្រកាន់ក្រោមបទធ្វើបាបរាងកាយរហូតដល់ស្លាប់ ហើយក៏ត្រូវដំណើរក្តីទៅតាមផ្លូវច្បាប់៕
ប្រភព៖ AMARINTV