នៅប្រទេស Guinea មនុស្សរាប់សិបនាក់បានស្ល-ា./ប់ ក្រោយអ្នកគាំទ្របាល់ទាត់ប៉ះទង្គិចគ្នា ផ្អើលស្ដាតទាំងកំពុងប្រកួត
កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មនុស្សរាប់សិបនាក់បានស្លាប់ ក្រោយអ្នកគាំទ្រក្លឹបបាល់ទាត់ចំនួន ២ ក្នុងប្រទេស Guinea បានឈ្លោះទាស់ទែងគ្នារហូតឈានដល់ការប្រើប្រាស់អំពើហិង្សាបង្កជាភាពចលាចលពាសពេញពហុកីឡដ្ឋាន។
តាមព័ត៌មានបានឱ្យដឹងថា ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និង អ្នកគាំទ្រនេះបានកើតមានឡើងអំឡុងការប្រកួតគ្នារវាងក្រុមបាល់ទាត់ Labe និង Nzerekore ក្នុងពហុកីឡដ្ឋានមួយនាទីក្រុង N’Zerekore ប្រទេស Guinea បង្កជាភាពចលាចលជាខ្លាំង។ តាមសាក្សីម្នាក់បានថ្លែងប្រាប់សារព័ត៌មាន AFP ថា ៖ «រឿងដើមហេតុកើតឡើងក្រោយការមិនពេញចិត្តជុំវិញការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ទើបធ្វើឱ្យអ្នកគាំទ្រដែលបានចូលរួមនាំគ្នាផ្ទុះកំហឹងខ្លាំងរហូតឈានដល់ការប៉ះទង្គិចគ្នាបែបនេះ»។
ការប៉ះទង្គិចគ្នាដ៏រន្ធត់នេះដែរបានបណ្ដាលឱ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត។ ជាក់ស្ដែងបើតាមគ្រូពេទ្យម្នាក់ក្នុងក្រុង N’Zerekore បានបញ្ជាក់ឱ្យដឹងថា៖ «សាកសពគឺតម្រៀបគ្នាជាជួរនៅក្នុងមន្ទីរពេទ្យ កន្លែងដាក់សពគឺពេញទាំងអស់»។ គ្រូពេទ្យដដែលនេះបានបន្ថែមទៀតថា មានមនុស្សប្រមាណជា ១០០ នាក់បានស្លាប់ ប៉ុន្តែបើតាមគ្រូពេទ្យម្នាក់ផ្សេងទៀតបានលើកឡើងថា អ្នកស្លាប់មានប្រមាណជា ៣០ ទៅ ៤០ នាក់៕