បើកឆាកខែថ្មី! គ្រូចិនសែ ម៉ុង ប្រាប់ពីរាសីឆ្នាំទាំង ១២ មានឡើងមានចុះក្នុងខែ «ធ្នូ» ហើយនេះជារបៀបកែកុន
ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់លោកគ្រូចិនសែ ម៉ុង ហើយ ដែលលោកគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប តែងចែករំលែកពីក្បួនហុងស៊ុយ វិធីសាស្រ្ដសែនព្រេងបែបចិន និង គ្រឿងហុងស៊ុយផ្សេងៗ តាមរយៈផេក ហុងស៊ុយ ជាប្រយោជន៍សម្រាប់អ្នកចង់ស្វែងយល់ពីហុងស៊ុយក្នុងការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និង ប្រចាំឆ្នាំជាដើម។
នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាព តាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ និង រឿងរ៉ាវអមនុស្សដ៏ល្បី បានចែករំលែកនូវរឿងរ៉ាវឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែធ្នូនេះ ដែលជាខែទី ១២ និង ជាខែចុងក្រោយនៃឆ្នាំ ២០២៤ នេះ ដែលតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៦ ខែធ្នូ ដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ដែលមានដូចតទៅ ៖
១. ឆ្នាំជូត
ក្នុងខែនេះ រាសីមានភាពល្អមធ្យម តែរឿងដែលចង់ឱ្យប្រយ័ត្ន គឺត្រៀមចិត្តបន្តិចណា ព្រោះខែនេះក្នុងក្រុមមនុស្សដែលអ្នកស្គាល់អាចលេចមុខចេញមកទាំងអស់ ឬ ចេញមកខ្លះនូវក្រុមមនុស្សដែលមានចិត្តមិនល្អចំពោះអ្នក ត្រៀមចិត្ត ត្រៀមកាយ ជួនកាលអាចជាមនុស្សដែលទុកចិត្តបំផុតផងដែរ។
ដំណោះស្រាយ ៖ បើសិនជាមានជួបហេតុការណ៍ខាងលើ ហើយធ្វើចិត្តមិនបាន សូមងូតទឹកត្រជាក់ឱ្យបានច្រើន ត្រាំទឹក ឬ ហូបទឹកឱ្យបានច្រើនបំផុត។
២. ឆ្នាំឆ្លូវ
រាសីរបស់អ្នកក្នុងខែនេះ គឺមានភាពល្អប្រសើរគ្រាន់បើ តែក្នុងខែនេះមានរឿងសូមប្រុងប្រយ័ត្ន នោះគឺប្រយ័ត្នបន្តិច គឺប្រយ័ត្នមានគេបោកប្រើបន្តិច ជាពិសេសសម្រាប់អ្នកមានមុខរបររកស៊ីចូលហ៊ុនគ្នា សូមប្រុងប្រយ័ត្នដៃគូរកស៊ីស៊ីខ្សែលើអ្នក។ សម្រាប់អ្នកធ្វើការងារវិញ សូមប្រុងប្រយ័ត្នបន្តិច មិត្តរួមការងារទម្លាក់កំហុសត្រឹមតែម្ដងទេ។
ដំណោះស្រាយ ៖ សូមព្យាយាមឱ្យមានពណ៌ក្រហមជាប់ខ្លួន មានតែតិចក៏បានដែរ។
៣. ឆ្នាំខាល
ក្នុងខែនេះ រាសីល្អប្រសើរខ្លាំង ក្នុងខែនេះមានឱកាសល្អៗមកច្រើនគួរសម សូមយកចិត្តទុកដាក់បន្តិច សម្រាប់ចាបឱកាសទាំងនោះ។ រឿងប្រុងប្រយ័ត្ន អាចមានគ្រោះថ្នាក់របួសដោយសារតែមុតជាមួយគ្រឿងដែក គ្រឿងស្រួចៗ។
ដំណោះស្រាយ ៖ អាចពិសារបន្លែបៃតងឱ្យបានច្រើន ឬ ម្ហូបបួស តាមដែលអាចធ្វើបាន។
៤. ឆ្នាំថោះ
ខែនេះ រាសីខែនេះអាចងាយចាញ់បោកអ្នកដទៃ អាចងាយក្លាយជាមនុស្សដែលគេបោកប្រាស់ ឬ បោកប្រើ អាចក្លាយជាស្ពានចម្លងអ្នកដទៃ ចុងក្រោយគេរុះស្ពាននោះចេញ អ្នកអាចខូចចិត្ត ឬ ខាតបង់ ឬ អាចជាន់ដានអ្នកដទៃ។
ដំណោះស្រាយ ៖ សូមហូបអាហារដែលក្ដៅៗ ឬ ងូតទឹកក្ដៅឧណ្ហៗឱ្យបានច្រើន អាចកែបញ្ហាខាងលើបានបន្តិចផងដែរ។
៥. ឆ្នាំរោង
ក្នុងខែវិច្ឆិកានេះ អ្នកឆ្នាំរោង សូមប្រយ័ត្នបន្តិចពាក់ព័ន្ធករណីពុលអាហារ ១០ នាក់អាចមានពុល ម្នាក់ បើធ្ងន់ធ្ងរ គឺអាចពុលស្លាប់តែម្ដង។ រឿងមួយទៀតប្រយ័ត្នគ្រោះថ្នាក់ដែលធ្វើឱ្យប៉ះពាល់ឆ្អឹងតែម្ដង។
ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យចែកអាហារ ចំនួន ៨ ប្រអប់ ឬ ៨ ម្នាក់។
៦. ឆ្នាំម្សាញ់
រាសីក្នុងខែនេះ មានរាសីល្អប្រសើរគួរសម តែសូមប្រយ័ត្នជាមួយកាយវិការរបស់អ្នក ព្រោះក្នុងខែនេះ អ្នកអាចមានជម្លោះរហូតដល់ថ្នាក់ហិង្សាទៀតផង សូមប្រុងប្រយ័ត្នចំនុចនេះឱ្យខ្លាំងជាងគេ។
ដំណោះស្រាយ ៖ គួរតាំងផ្កាពណ៌ក្រហមៗ ក្នុងបន្ទប់គេងឱ្យបានពេញមួយខែនេះ។
៧. ឆ្នាំមមី
រាសីអ្នកក្នុងខែនេះ អ្នកអាចកើតចិត្តក្ដៅក្រហាយ ចិត្តមួម៉ៅខុសធម្មតា ចិត្តតក់ក្រហល់ ឆេវឆាវ អារម្មណ៍ពុះកញ្ជ្រោល បើចេះគ្រប់គ្រងល្អ អាចជាកម្លាំងជំរុញដល់អ្នកវិញ លើការងារដែលអ្នកស្ទាក់ស្ទើរអាចធ្វើចេញបាន។ តែបើមិនចេះគ្រប់គ្រងទេ កំហឹង អារម្មណ៍ក្ដៅនោះ អាចបង្កជាទោសទណ្ឌនានាធ្ងន់ធ្ងរជាមិនខាន។ ថែមពីនេះ អ្នកត្រូវចេះប្រយ័ត្នគ្រោះថ្នាក់កើតចេញពីធាតុភ្លើង ឬវត្ថុ ឬរបស់ក្ដៅៗ ដូចជាការរលាកភ្លើ់ងនានា។ បើអ្នកដែលកំពុងមានជំងឺរលាកថ្លើម ពោះវៀន ឬ រលាកគ្រឿងក្នុងណាមួយ ត្រូវយកចិត្តទុកដាក់បំផុត បើប្រហែសបន្តិចអាចវិវត្តន៍កម្រិតធ្ងន់ធ្ងរ។
ដំណោះស្រាយ ៖ សូមលែងត្រីទឹកសាបចំនួន ៨ ក្បាល ឬ ១២ ក្បាល ចូលប្រភពទឹកហូរ កាន់តែឆាប់ កាន់តែល្អ អាចធ្វើបានពីពេលនេះទៅ។
៨. ឆ្នាំមមែ
រាសីអ្នកមិនសូវល្អប៉ុន្មានទេ ក្នុងខែនេះសូមប្រយ័ត្នបន្តិចហាមទៅតំបន់ការដ្ឋានបើមិនចាំបាច់ បើអ្នកធ្វើការនៅការដ្ឋានសូមប្រុងប្រយ័ត្នការមុតដែកច្រេះៗ ដែលនាំឱ្យមានមេរោគចូលដល់ក្នុងខ្លួន។ សម្រាប់អ្នកដទៃផ្សេងទៀត សូមប្រុងប្រយ័ត្នគ្រោះថ្នាក់ធ្លាក់ប្រឡាយ ធ្លាក់លូ ជាពិសេសអាចមានជំងឺគ្រុនក្ដៅ គ្រុនរងា ជាប់ជាប្រចាំតែម្ដង។
ដំណោះស្រាយ ៖ សូមអ្នកធ្វើបុណ្យចែកក្រមា ខោអាវចាស់ៗ ដល់អ្នកក្រីក្រចំនួន ៧ នាក់។
៩. ឆ្នាំវក
រាសីខែនេះ អាចមានបញ្ហាដោយសារពាក្យសំដី ដូចនេះសូមប្រុងប្រយ័ត្នការនិយាយស្ដីនានា ត្រូវមានការយកចិត្តទុកដាក់គិតពិចារណាសិន មុនពេលនិយាយស្ដីចេញទៅ មួយម៉ាត់អ្នកខាតបង់ មួយម៉ាត់អាចមានទោស។
ដំណោះស្រាយ ៖ សូមព្យាយាមពិសារទឹកស្អាតឱ្យបានស្អាត បើអ្នកទៅណាមួយណា បើគិតថារាសីរបស់អ្នកមិនសូវល្អ ឬអារម្មណ៌មិនសូវស្រួល សូមកាន់ទឹកស្អាត ១ ដបជាប់ដៃ គឺអាចជួយសម្រួលបានខ្លះ
១០. ឆ្នាំរកា
រាសីអ្នកឆ្នាំរកា រាសីរបស់អ្នកហាក់មិនសូវល្អប៉ុន្មាននោះទេ សូមប្រុងប្រយ័ត្នករណីចោរកម្មនានា កុំព្យាយាមពាក់គ្រឿងអលង្ការច្រើនពេកពេលចេញក្រៅ សូមប្រុងប្រយ័ត្នគ្រោះថ្នាក់រលាកបំពង់ស៊ីមាំង ឬគ្រោះថ្នាក់ធ្លាក់ចូលម៉ាស៊ីនផ្សេងៗ។ អ្នកឆ្នាំរកា គឺមិនសូវចង់ឱ្យទៅលេងតំបន់ភ្នំទេ ព្រោះរាសីទាបអាចងាយមានបញ្ហាជាមួយក្រុមអមនុស្ស តាមដល់ផ្ទះ ឬតោងជាប់ខ្លួនជាដើម។
ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
១១. ឆ្នាំច
រាសីក្នុងខែនេះ រាសីរបស់អ្នក គឺមានភាពល្អ ខែនេះបើមានការបញ្ហាអ្វីកើតឡើងសូមរក្សាភាពស្ងៀមស្ងាត់គឺល្អបំផុត ខែនេះកុំសូវនិយាយច្រើនពេក ព្រោះសំដីរបស់អ្នកមួយម៉ាត់ៗ គិតនិយាយធម្មតា តែអ្នកស្ដាប់គឺគេឈឺចាប់ខ្លាំង។ សូមរក្សាផ្លូវចិត្តឱ្យបានល្អ ធ្វើតែការងាររបស់អ្នកទៅបានហើយ។
ដំណោះស្រាយ ៖ ព្យាយាមលេងទឹកឱ្យបានច្រើន បើប្រុសៗ សូមព្យាយាមកាត់សក់ ឬរៀបចំសក់ឱ្យបានស្អាតបាត គឺល្អប្រសើរបំផុត។
១២. ឆ្នាំកុរ
ជាទូទៅ រាសីល្អមធ្យម សូមប្រុងប្រយ័ត្នបន្តិចការងារដែលចេញមុខធានាគេ ក្នុងការខែនេះរឿងដែលអ្នកធានាគេ គឺអាចឱ្យទោសមកកាន់អ្នកវិញ។ អ្នកឆ្នាំកុរ សូមឱ្យប្រយ័ត្នបន្ថែមទៀត ពេលដែលអ្នកកំពុងបើកបរតាមផ្លូវពេលយប់ ជាពិសេសអ្នករករបរកង់បី សូមយកខ្ទឹមស ចំនួន ៣ មើម ដាក់តាមកង់បីចុះ ហើយបើកបរសូមប្រុងប្រយ័ត្នផង
ដំណោះស្រាយ ៖ ព្យាយាមហូបអាហារក្ដៅៗ ស៊ុបក្ដៅៗ ជាប់ជាប្រចាំ គឺលែងមានបញ្ហាហើយ៕
ដកស្រង់ពី ៖ ហុងស៊ុយ