ក្ដៅគគុក! ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសប្រើច្បាប់អាជ្ញាសឹក បង្កឱ្យមានការភិតភ័យដល់ពលរដ្ឋទូទាំងប្រទេស
ពិតជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និង ព្រួយបារម្ភខ្លាំងណាស់ ដោយកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដែលបង្កឱ្យប្រជាជនមានការភិតភ័យ នាំគ្នារត់រកញាតិមិត្តបងប្អូន។
ការប្រកាសនេះបានធ្វើឡើងយ៉ាងភ្លាមៗ ដោយមិនបានរំពឹងទុក ហើយលោក Yoon Suk Yeol ក៏មិនបានប្រាប់ពីគោលដៅ និង ជំហានច្បាស់លាស់នោះដែរ ដោយគ្រាន់តែទម្លាយឱ្យដឹងថាលោកនឹងកម្ចាត់ក្រុមដែលប្រឆាំងរដ្ឋបាល និង ក្រុមដែលគាំទ្រកូរ៉េខាងជើង។
ដោយឡែក ក្រោយពីការប្រកាសរួច មានប្រជាជន ក៏ដូចជាអ្នកនយោបាយច្រើនណាស់ ដែលមានទាំងពីបក្សប្រឆាំង និងបក្សរដ្ឋបាលបានចេញមកមុខមកបដិសេធ និង ប្រឆាំងការប្រើប្រាស់ច្បាប់នេះ ដោយក្នុងការប្រជុំសភាមាន ១៩០ សំឡេងទៅហើយ ដែលបានគាំទ្រឱ្យបញ្ចប់ច្បាប់អាជ្ញាសឹកនេះ។ មកទល់ពេលនេះ ច្បាប់អាជ្ញាសឹកក៏ត្រូវបានចាត់ទុកជាមោឃៈ ប៉ុន្តែស្ថានការណ៍នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែមិនទាន់ត្រឡប់មកសភាពដើមវិញនោះទេ៕