ឡើងកម្ដៅហើយ! ប្រជាជនកូរ៉េនាំគ្នាបាតុកម្មឱ្យប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង ក្រោយប្រកាសប្រើច្បាប់អាជ្ញាសឹក
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានប្រទះភាពជ្រួលច្របល់យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីលោក Yoon Suk Yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយអះអាងនឹងកម្ចាត់ក្រុមបក្សប្រឆាំង និង ក្រុមដែលគាំទ្រកូរ៉េខាងជើង។
យ៉ាងណាមិញ ច្បាប់អាជ្ញាសឹកនេះត្រូវបានដកទៅវិញ ក្រោយពីមានការប្រឆាំងដល់ទៅ ១៩០ សំឡេងពីការប្រជុំយ៉ាងក្តៅគគុកនៅក្នុងសភាកាលពីយប់កន្លងទៅ។ ដោយឡែក បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញក៏ដោយ តែស្ថានការណ៍នៅក្នុងប្រទេសកូរ៉េហាក់នៅតែមិនទាន់ត្រឡប់មកសភាពដើមនោះទេ ដោយថ្មីៗនេះមានក្រុមប្រជាជនបាននាំគ្នាធ្វើបាតុកម្មជាថ្មី ដើម្បីទាមទារឱ្យលោក Yoon Suk Yeol ចុះចេញពីតំណែងប្រធានាធិបតីនេះ ដោយសារតែការមិនពេញចិត្តនឹងរឿងដែលលោកប្រើច្បាប់អាជ្ញាសឹក បង្កឱ្យមានភាពជ្រួលច្របល់ដល់ប្រទេស។
ចំណែកខាងបក្សប្រឆាំង ក៏នឹងមានការអំពាវនាវទៅកាន់ខាងសភាឱ្យមានការគិតគូរទៅលើការដកលោក Yoon Suk Yeol ចេញពីតំណែងផងដែរ ហើយបើសិនជាលោក Yoon Suk Yeol ចុះចេញពីតំណែង នោះការបោះឆ្នោតនឹងធ្វើម្តងទៀតក្នុងរយៈពេល ៦០ ថ្ងៃ ដើម្បីរកអ្នកកាន់ដំណែងថ្មី៕
ប្រភព៖ CNN