នៅហ្វីលីពីន មនុស្សជាង ៣០ នាក់ពុលអណ្ដើកសមុទ្រ ខ្លះបានស្លា./ប់ ខ្លះកំពុងសង្រ្គោះ សូម្បីមាន់ ឆ្កែ ឆ្មា ក៏ពុលដែរ
សារព័ត៌មានបរទេស បានរាយការណ៍ពីករណីមួយនៅប្រទេសហ្វីលីពីន ដោយមានមនុស្សជាច្រើនមកពីក្រុមកុលសម្ព័ន្ធ Tedurai ក្នុងប្រទេសហ្វីលីពីនត្រូវកំពុងជួយសង្រ្គោះ ឯខ្លះទៀតបានបាត់បង់ជីវិត ក្រោយពីនាំគ្នាបរិភោគអណ្តើកសមុទ្ររួច។
តាមព័ត៌មានបានឱ្យដឹងថាក្រុមអ្នកស្រុកកុលសម្ព័ន្ធ Tedurai នេះ បាននាំគ្នាបរិភោគសត្វអណ្តើកសមុទ្រនៅក្នុងភូមិ Linau ជាភូមិជាប់ឆ្នេរសមុទ្រ Datu Blah Sinsvat ខេត្ត Maguindanao ភាគខាងជើងកោះ Mindanao ។ ក្រោយពីបរិភោគរួច ពួកគេក៏ចាប់ផ្តើមមានអាការៈក្អួត រាក និង ឈឺចុកពោះបន្តបន្ទាប់គ្នា ដែលបណ្តាលឱ្យមានមនុស្ស ៣១ នាក់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ រីឯ ៣ នាក់ទៀតបានបាត់បង់ជីវិត។
តាមព័ត៌មានបានឱ្យដឹងទៀតថា ភាគច្រើនអ្នកដែលកំពុងតែរងគ្រោះគឺសុទ្ធតែក្មេងៗ លើសពីនេះទៅទៀតក៏មានសត្វឆ្កែ ឆ្មា និង មាន់មួយចំនួនក៏បានងាប់ដែរ ក្រោយពីបានស៊ីសាច់អណ្តើកនោះ។ ដោយឡែក ខាងអាជ្ញាធរកំពុងតែបញ្ជូនអ្នកជំនាញចុះទៅពិនិត្យករណីមួយនេះ ជាពិសេសគឺពិនិត្យថាតើការពុលនេះបណ្តាលមកពីសាច់សត្វ ឬរបៀបដែលពួកគេចម្អិនសាច់នោះ៕
ប្រភព៖ Khaosod