ក្តៅៗ! ស្នងការទុកពេលត្រឹមថ្ងៃទី ១០ ធ្នូ ឱ្យអ្នកដែលផ្សាយល្បែងអនឡាញ ត្រូវលុបការផ្សាយចោលឱ្យអស់ បើមិនដូច្នោះនឹងចាត់ការតាមច្បាប់
នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងអំពីការទុករយៈពេលកំណត់ត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ច្បាស់ៗឱ្យដឹងថា ផ្អែកតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ ស្តីពី «ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់» ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។
ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងទុករយៈពេលកំណត់ត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់៕
សូមអានលម្អិតសារាចរណែនាំនៅខាងក្រោម ៖