អាយុ ៧០ ឆ្នាំ បានប្រពន្ធអាយុត្រឹម ១៩ ឆ្នាំស្មានថាជួបស្នេហ៍ពិត មានអីរៀបការបាន ៥ ថ្ងៃ ខាងស្រីរត់តាមសង្សារបាត់
កាលពីដើមឆ្នាំ ២០២៤ កន្លងទៅ បុរសជនជាតិថៃវ័យ ៧០ ឆ្នាំម្នាក់ឈ្មោះ Chuchat បានរៀបការជាមួយក្មេងស្រីម្នាក់ឈ្មោះ Pei Pantong ដែលមានវ័យត្រឹម ១៩ ឆ្នាំប៉ុណ្ណោះ ជាអ្នករស់នៅក្នុងភូមិស្រុកជាមួយគ្នា។ ក្រោយរៀបការរួច អ្នកជិតខាងក៏មានការបារម្ភផងដែរខ្លាចពួកគេរួមរស់ជាមួយគ្នាមិនបានយូរក៏ព្រោះតែគម្លាតអាយុខុសគ្នារហូតដល់ទៅជាង ៥០ ឆ្នាំ ខ្លាចចិត្តគំនិតមិនដូចគ្នាពិបាករួមរស់ជាមួយគ្នា។
យ៉ាងណាមិញ សម្រាប់លោកតា Chuchat គឺមិនដែលគិតរឿងបែបនោះឡើយដោយលោកតាតែងសង្ឃឹមថាប្រពន្ធវ័យក្មេងរបស់គាត់នឹងស្រឡាញ់គាត់ដោយស្ម័គ្រស្មោះ ចាប់ដៃគ្នារកស៊ីរកប្រាក់រួមរស់ជាមួយគ្នាដល់ជីវិតចុងក្រោយរៀងៗខ្លួន ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុករបស់គាត់នោះឡើយ។ រៀបការរួចបានត្រឹមតែ ៥ ថ្ងៃ ប្រពន្ធក្មេងរបស់លោកតាស្រាប់តែយកម៉ូតូគាត់ជិះរត់បាត់ ទុកឱ្យលោកតានៅម្នាក់ឯងគ្មានអ្នកមើលថែ។
ដោយសារតែវ័យចំណាស់ផងហើយសុខភាពទ្រុឌទ្រោមផង ថែមបាត់ប្រពន្ធពីផ្ទះជាច្រើនថ្ងៃទៀត លោកតា Chuchat ក៏បានទាក់ទងទៅប្រពន្ធហើយក៏ដឹងថានាងមានសង្សារថ្មីហើយមិនត្រឡប់ទៅផ្ទះវិញនោះទេ។ ពេលនេះហើយទើបលោកតាដឹងថា តាមពិតក្មេងស្រីរូបនោះព្រមរៀបការមិនមែនដោយក្ដីស្រឡាញ់ពិតប្រាកដនោះទេ គឺដោយសារតែលុយរបស់លោកតាប៉ុណ្ណោះ ព្រោះមុនរួមរស់ក្លាយជាប្ដីប្រពន្ធនឹងគ្នា លោកតាបានឱ្យថ្លៃទឹកដោះជាលុយ និង មាសចំនួន ២ ម៉ឺនបាត (ប្រមាណ ៥៩១ ដុល្លារ )។
ដោយឡែក ខាងស្រីក៏បានចេញមកតបតវិញថា ក្រោយរៀបការរួចប្ដីរបស់នាងតឹងតែងចំពោះនាងខ្លាំងមិនឱ្យសូម្បីចេញដើរលេងក្រៅជាមួយមិត្តភក្តិដែលធ្វើឱ្យនាងមានសម្ពាធជាខ្លាំងទើបសម្រេចចិត្តបែកគ្នា។ ចំពោះលុយថ្លៃបណ្ណាការវិញ គឺគាត់ឱ្យដោយស្ម័គ្រចិត្តខ្លួនឯងពេលដែលពួកគេរៀបការ ដូច្នេះហើយក្រុមគ្រួសារនាងមិនឱ្យវិញនោះទេ។
ងាកមកខាងលោកតាកម្សត់វិញ នៅពេលទាក់ទងគ្នាជាសង្សារ ក្មេងស្រីរូបនោះមានសុំគាត់ឱ្យផ្ដល់លុយកាក់ក្នុងការចិញ្ចឹមជ្រូក និង ទា ហើយថែមទាំងសុំឱ្យគាត់ទិញទូរស័ព្ទថ្លៃឱ្យនាងថែមទៀតផង។ ក្រោយឃើញប្រពន្ធបង្ហាញធាតុពិតបែបនេះ លោកតានិយាយអ្វីមិនចេញបានត្រឹមគ្រវីក្បាលខកចិត្ត។ គាត់គិតថាខ្លួនឯងចាស់ និង តែងតែឈឺ ពេលបានប្រពន្ធនឹងចេះជួយមើលថែទាំ ប៉ុន្តែបែរជាជួបនឹងរឿងខកបំណងបែបនេះទៅវិញ៕