អូស្ត្រាលី បាត់មេរោគជាង ៣០០ ប្រភេទពីមន្ទីរពិសោធន៍យ៉ាងចម្លែក ភាគច្រើនសុទ្ធតែជាមេរោគឆ្លងកាចសាហា-វ
កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានសុខាភិបាលប្រចាំរដ្ឋ Quennsland ប្រទេសអូស្ត្រាលី បានប្រកាសថា សំណាកមេរោគចំនួន ៣២៣ ដែលក្នុងនោះរួមមានទាំងមេរោគកាចសាហាវបានបាត់ខ្លួនចេញពីមន្ទីរពិសោធន៍ ដោយខាងនាយកដ្ឋានកំពុងតែស្វះស្វែងធ្វើការស៊ើបអង្កេតរកមូលហេតុភ្លាមៗលើករណីមួយនេះ។
មេរោគដែលបាត់ខ្លួនរាប់រយនោះរួមមានទាំងមេរោគ Hendra, Lyssa និង Hanta ផងដែរ ដោយមេរោគទាំងនេះសុទ្ធតែគ្រោះថ្នាក់ខ្លាំងបំផុតមកលើមនុស្ស។ ការបាត់ខ្លួនមេរោគដ៏ច្រើនសន្ធឹកនេះដែរត្រូវបានឱ្យដឹងថាបាត់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។ មេរោគ Hendra ត្រូវបានប៉ាន់ប្រមាណថាមានអត្រាមរណៈប្រមាណជា ៥៧% និង អាចចម្លងមកមនុស្សបាន។ បើតាម AOL វីរុសនេះរកឃើញមានតែនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ។ ចំណែកវីរុស Hanta វិញមានអត្រាមរណប្រមាណ ៣៨%។ អ្នកជំងឺដែលឆ្លង Hanta វីរុសនឹងចូលទៅបំផ្លាញសួតដែលអាចបង្កជាអាការក្ដៅខ្លួនខ្លាំង។ ដោយឡែកសម្រាប់វីរុស Lyssa វិញ គឺជាវីរុសបង្កទៅជាជំងឺឆ្កួតហើយបច្ចុប្បន្នមិនទាន់មានថ្នាំណាអាចព្យាបាលបានឡើយ។
បច្ចុប្បន្ន មិនទាន់មានការដឹងច្បាស់នៅឡើយទេថាសំណាកវីរុសទាំងនោះបានបាត់ខ្លួនទៅដោយរបៀបណា ប៉ុន្តែបើតាមលោក Tim Nicholls រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ Queensland បានលើកឡើងថា មិនមានភស្តុតាងណាបញ្ជាក់ថាសំណាកវីរុសទាំងនោះត្រូវបានគេលួចទៅនោះឡើយ។
បន្ថែមពីនេះ ជាការឆ្លើយតបចំពោះការព្រួយបារម្ភភ័យខ្លាចមានហានិភ័យចំពោះការបាត់វីរុសចេញពីមន្ទីរពិសោធន៍នេះ លោក John Gerrard ប្រធានផ្នែកសុខាភិបាលរដ្ឋ Queensland ក៏បានចេញមកបញ្ជាក់កុំឱ្យគ្រប់គ្នាភ័យខ្លាចថា៖ «វាពិបាកក្នុងការស្រមៃពីសេណារីយ៉ូដែលសហគមន៍យើងអាចប្រឈមហានិភ័យនោះ ព្រោះថាអ្វីដែលសំខាន់នោះគឺសំណាកវីរុសទាំងនោះនឹងធ្លាក់ចុះសមត្ថភាពលឿនបំផុតពេលពួកវានៅក្រៅកន្លែងបង្កក ហើយវានឹងបាត់បង់សមត្ថភាពចម្លងរបស់វា។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ មិនមានរកឃើញករណីមនុស្សឆ្លងវីរុស Hendra ឬ Lyssa ក្នុងរដ្ឋ Queensland នោះឡើយ ហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ពីករណីវីរុស Hanta ឆ្លងលើមនុស្សក្នុងប្រទេសអូស្ត្រាលីដែរ»៕
ប្រភព៖ Kenh14