ទោះចូលចិត្ត តែកុំញ៉ាំញឹកពេក! ស្ត្រីខ្មែរម្នាក់ ចូលចិត្តហូបបុកល្ហុងញឹកញាប់ លទ្ធផលកើតជំងឺមហារីកពោះវៀនធំ កំពុងព្យាបាលច្រើនដំណាក់កាល
ក្នុងវ័យជាង ៣០ ឆ្នាំ អ្នកនាង ហួន ផល្លី ត្រូវបានគេស្គាល់ជាសហគ្រិនកាន់កាប់សិប្បកម្ម សាជីវកម្មខ្មែរ ឬ KhmerCorp ដែលផលិតស្បែកជើងខ្មែរ និង សម្ភារប្រើប្រាស់មួយចំនួនទៀត។ យ៉ាងណាមិញ មួយរយៈក្រោយនេះ អ្នកនាងបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយមានជំងឺមហារីកពោះវៀនធំ តម្រូវសម្រាកព្យាបាលច្រើនដំណាក់កាល។ ដើមឡើយ អ្នកនាងមិនធ្លាប់ឈឺធ្ងន់អ្វីទាល់តែសោះ តែដោយទម្លាប់ចូលចិត្តហូបបុកល្ហុងញឹកញាប់ វាបានក្លាយជាអាវុធធ្វើឱ្យអ្នកនាងរងគ្រោះវាមួយរំពេច។
ខណៈកំពុងតស៊ូព្យាបាល អ្នកនាងបានចែករំលែកបទពិសោធ និង រឿងរ៉ាវនៅពីក្រោយជំងឺនេះដូចតទៅ ៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំសុំចែករំលែកអំពីជំងឺមហារីកពោះវៀនធំ ដែលខ្ញុំកំពុងតែកើត និង កំពុងតែព្យាបាល។ ដំបូងខ្ញុំជាមនុស្សម្នាក់មិនដែលមានជំងឺប្រចាំកាយ មិនដែលឈឺអ្វីខ្លាំងទេ ទើបតែលើកទី ១ នេះ ខ្ញុំមានជំងឺដ៏សាហាវមួយនេះដែលគ្រប់គ្នាខ្លាច។
មុនពេលដែលខ្ញុំឈឺ គឺខ្ញុំចូលចិត្តញុំាបុកល្ហុង ៤ ទៅ ៥ ដងក្នុង ១ ខែ និង ញុំាប្រហិត។ បន្ទាប់មកខ្ញុំឧស្សាហ៍ហើមពោះ និង ពិបាកបត់ជើងធំ។
នៅចុងខែមេសា ឆ្នាំ ២០២៤ ខ្ញុំមានអាការហើមពោះ ពិបាកបត់ជើងធំ មួយថ្ងៃរត់ចូលបន្ទប់ទឹកជិត ១០ ដង ដោយសារបត់ជើងធំអត់ចេញ និង លាមកចេញអត់អស់ និង មានធ្លាក់ឈាមមកតិចៗ។ ខ្ញុំចាំមើលអាការបែបនេះជិតមួយសប្តាហ៍ បានខ្ញុំទៅពេទ្យពិនិត្យ និង ពិគ្រោះជំងឺពេលនោះពេទ្យបានយកឈាមខ្ញុំទៅពិនិត្យឃើញថា ខ្ញុំមានគ្រុនពោះវៀន ខ្ញុំយកថ្នាំមកលេបមួយរយៈ តែថ្នាំធ្វើទុក្ខខ្ញុំពេក ក៏ខ្ញុំឈប់ញុំាថ្នាំ ហើយខ្ញុំបានទៅញុំាថ្នាំខ្មែរបានមួយរយៈ ក៏ឃើញអាការបានធូរលែងធ្លាក់ឈាម ខ្ញុំក៏ញុំាអាហារតាមធម្មតាអត់មានតមអ្វីទេ។
បន្ទាប់មកក៏ខ្ញុំមានអាការពិបាកបត់ជើងធំ និង មានធ្លាក់ឈាមទៀត ខ្ញុំក៏បានទៅផ្សំថ្នាំញុំាទៀត ពេទ្យថាខ្ញុំរលាកពោះវៀន និង មានមេរោគក្នុងពោះវៀន ខ្ញុំញុំាថ្នាំរយៈពេលជិតមួយខែ ហើយអាការបានធូរខ្លះដែរ តែនៅតែធ្វើឱ្យខ្ញុំពិបាកបត់ជើងធំជាខ្លាំង វាធ្វើឱ្យខ្ញុំដឹងថានៅក្នុងពោះវៀនខ្ញុំមានដុំអ្វីមួយធ្វើឱ្យស្ទះលាមក ហើយលាមកបានប្តូររូបរាងទៅជាតូចៗ ពេទ្យក៏បានប្រាប់ឱ្យខ្ញុំទៅឆ្លុះពោះវៀនធំមើល ក្រែងអាចមានដុះសាច់នៅពោះវៀន។
ពេលនោះក៏ខ្ញុំមិនទាន់បានទៅពេទ្យឆ្លុះដែរ ខ្ញុំទុករហូតដល់ដើមខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ វាធ្វើទុក្ខខ្ញុំខ្លាំង ទើបខ្ញុំទៅពេទ្យរុស្សីសម្រាកដើម្បីឆ្លុះមើលពោះវៀន។ ពេលនោះលទ្ធផលចេញមកឃើញខ្ញុំមានដុះសាច់យ៉ាងធំក្នុងពោះវៀនធំរបស់ខ្ញុំ ហើយពេទ្យបានយកសាច់ទៅពិនិត្យ តែមិនទាន់បានដឹងលទ្ធផលថាជាសាច់អ្វីទេ ពេទ្យឱ្យខ្ញុំវះកាត់លក្ខណះធំ ហើយថាជាសាច់មហារីក ទាំងដែលមិនទាន់ដឹងលទ្ធផល ពេលនោះខ្ញុំទទួលយកអត់បានទេនៅពេលដែលឮពេទ្យប្រាប់បែបហ្នឹង។ ខ្ញុំឡើងធ្លាក់ទឹកចិត្តញុំាលែងចូល គេងលែងលក់គិតតែពីយំ។
ពេលនោះខ្ញុំក៏បានប្រាប់បងៗដែលជាមិត្តរបស់ខ្ញុំ និង បងប្អូនខ្ញុំ ពួកគាត់ក៏ឱ្យខ្ញុំចេញពីពេទ្យ ដើម្បីទៅពេទ្យនៅថៃដើម្បីពិនិត្យឱ្យបានច្បាស់ តែពេលនោះខ្ញុំពិតជាគ្មានលទ្ធភាពទៅពិនិត្យនៅក្រៅប្រទេសមែន។ ដោយសារតែព្រះអង្គបានប្រទានពរខ្ញុំ ឱ្យខ្ញុំស្គាល់បងប្អូនមិត្តភក្តិល្អៗ ទឹកចិត្តល្អ ពួកគាត់បានជួយឱ្យខ្ញុំខ្ចីលុយមួយចំនួន និង រៃអង្គាសលុយឱ្យខ្ញុំដើម្បីព្យាបាលជំងឺ ខ្ញុំក៏បានធ្វើដំណើរទៅពិនិត្យជំងឺនៅពេទ្យសុរិន្ទ។ ពេលនោះខ្ញុំបានពិនិត្យទាំងអស់ និង ច្រឹបសាច់លើកទី ២ ទៅពិនិត្យ ខំសម្រាកនៅថៃមួយសប្តាហ៍ដើម្បីចាំលទ្ធផលសាច់។ ពេលនោះលទ្ធផលចេញមកពេទ្យថាខ្ញុំកើតមហារីកដំណាក់កាលទី ២ ហើយពេទ្យប្រាប់ពីការព្យាបាលបែបណាដល់ខ្ញុំ តែការព្យាបាលគឺចំណាយលុយច្រើនណាស់ គឺដល់ម៉ឺនៗដុល្លារ។ ពេលនោះខ្ញុំទូរស័ព្ទប្រាប់ក្រុមគ្រួសារថាតើយើងអាចរកលុយបានម៉ឺនទេ? ទោះបីជាយើងលក់ម៉ូតូ លក់ឡាន លក់ផ្ទះក៏មិនចេញដែរ ព្រោះបងប្អូនបានដឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចហើយ។ ខ្ញុំក៏ពិភាក្សាគ្នាជាមួយមិត្តភក្តិ បងប្អូន ក៏សម្រេចចិត្តមកពេទ្យនៅខ្មែរវិញ ហើយខ្ញុំក៏មកពេទ្យកាល់ម៉ែត ដែលខ្ញុំកាន់ឯកសារមកពីថៃឱ្យពេទ្យគាត់មើលថាខ្ញុំមានជំងឺមហារីកហើយ។
ពេលមកដល់ពេទ្យក៏ខ្ញុំបានពិនិត្យម្តងទៀត ថត CT ធ្វើ MRI ដើម្បីឱ្យច្បាស់ថាសាច់ហ្នឹងនៅត្រង់ណា? មានរត់ទៅណាទៀតអត់? មានកូនកណ្តុរអត់? ពេលធ្វើហើយស្អែកឡើងខ្ញុំមកស្តាប់លទ្ធផល ពេទ្យគាត់បានប្រាប់ថាមហារីកពោះវៀនធំដំណាក់កាលទី ៣ ខ្ញុំឮហើយទឹកភ្នែកហូរដោយមិនដឹងខ្លួន ថាហេតុអ្វីបានជាខ្ញុំកើតជំងឺដល់ថ្នាក់ហ្នឹង។ ពេទ្យបានប្រាប់ពីការព្យាបាល និង លើកទឹកចិត្តខ្ញុំកុំឱ្យភ័យព្រួយ គាត់ថាព្យាបាលជា សំខាន់កម្លាំងចិត្តខ្ញុំឱ្យរឹងមាំ កុំគិតច្រើន ធ្វើអីឱ្យសប្បាយចិត្ត។
ដំណាក់កាលព្យាបាលលើកកទី ១ ថ្ងៃ ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ពេទ្យធ្វើការវះកាត់យកពោះវៀនធំរបស់ខ្ញុំមកដាក់ក្រៅនៅកន្លែងចង្កេះដើម្បីរំដោះលាមកចេញមកក្រៅ កុំឱ្យទៅស្ទះពោះវៀនធំនាំឱ្យធ្លុះពោះវៀន ពិបាកព្យាបាល។
ដំណាក់កាលព្យាបាលទី ២ គឺត្រូវចាក់គីមីចំនួន ៦ ដង និង ញុំាថ្នាំគីមីរាល់ថ្ងៃដើម្បីឱ្យសាច់មហារីករួមតូចសិន បានធ្វើការវះកាត់លើកទី ២ យកសាច់មហារីកចេញ។ ព្យាបាលជាហើយបានវះលើកទី ៣ ដាក់ពោះវៀនចូលទៅក្នុងពោះវិញ។
ខ្ញុំបានគេងពេទ្យចំនួន ១៣ ថ្ងៃ គឺពេទ្យគាត់យកចិត្តទុកដាក់អ្នកជំងឺណាស់ និង លើកទឹកចិត្តខ្ញុំទៀត ហើយឥលូវខ្ញុំបានត្រលប់មកផ្ទះវិញហើយ ដល់ថ្ងៃ ២៣ បានខ្ញុំទៅចាក់គីមីលើកទី ២។
ជាចុងក្រោយសូមបងប្អូនថែរក្សាសុខភាពទាំងអស់គ្នា កុំញុំារបស់មិនល្អនាំឱ្យខូចសុខភាព ញុំាទឹកឱ្យបានច្រើន ហាត់ប្រាណជាប្រចាំ បើឈឺតិចៗប្រញាប់ទៅពេទ្យពិនិត្យឱ្យបានច្បាស់»៕