Elon Musk ក្លាយជាបុគ្គលដំបូងគេក្នុងប្រវត្តិសាស្ត្រ មានទ្រព្យសម្បត្តិច្រើនខ្លាំងដល់ជាង ៤០០ ពាន់លានដុល្លារអាមេរិក
មហាសេដ្ឋីពិភពលោក Elon Musk បានកើនទ្រព្យសម្បត្តិរហូតដល់ជាង ៤០០ ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលដំបូងគេជាប្រវត្តិសាស្ត្រដែលកើនទ្រព្យសម្បត្តិខ្លាំងមហាសាលបែបនេះ។
តាមចំណាត់ថ្នាក់មហាសេដ្ឋីដែលបានចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នេះបានបង្ហាញថា មហាសេដ្ឋីអាមេរិក Elon Musk មានទ្រព្យសម្បត្តិសរុបបច្ចុប្បន្នចំនួន ៤៤៧ ពាន់លានដុល្លារ ខណៈចំណាត់ថ្នាក់ទី ២ បានទៅលើលោក Jeff Bezos ដែលមានទ្រព្យសម្បត្តិសរុប ២៤៩ ពាន់លានដុល្លារ។
ចាប់តាំងតែលោក Donald Trump ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកមក ទ្រព្យសម្បត្តិរបស់លោក Elon Musk ក៏ចាប់ផ្ដើមកើនឡើងខ្លាំង។ លោក Musk បានបង្ហាញការគាំទ្រចំពោះលោក Trump ជាសាធារណៈកាលពីខែកក្កដាកន្លងទៅ ហើយចាប់តាំងពីពេលនោះមកលោកបានចាយប្រាក់រាប់រយលានដុល្លារទៅលើយុទ្ធនាការឃោសនារបស់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋរូបនេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់រហូតដល់ ៦៧% ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ មួយផ្នែកទៀតដែរ ទ្រព្យសម្បត្តិរបស់លោកគឺកើនឡើងដោយសារក្រុមហ៊ុន SpaceX ដែលមានអ្នកវិនិយោគយល់ព្រមទិញភាគហ៊ុនដែលធ្វើឱ្យក្រុមហ៊ុនផ្នែកអវកាសរបស់លោកមួយនេះកើនតម្លៃដល់ ៣៥០ ពាន់លានដុល្លារ៕