ផ្អើលបារម្ភរឿងបាត់មេរោគជាង ៣០០ ប្រភេទនៅអូស្ត្រាលី អ្នកវិទ្យាសាស្ត្រប្រាប់កុំឱ្យភ័យ ព្រោះនៅក្រៅកន្លែងបង្កក វីរុសគ្មានសមត្ថភាពឆ្លងទេ
កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានសុខាភិបាលប្រចាំរដ្ឋ Quennsland ប្រទេសអូស្ត្រាលី បានប្រកាសថា សំណាកមេរោគចំនួន ៣២៣ ដែលក្នុងនោះរួមមានទាំងមេរោគកាចសាហាវបានបាត់ខ្លួនចេញពីមន្ទីរពិសោធន៍ ដោយខាងនាយកដ្ឋានកំពុងតែស្វះស្វែងធ្វើការស៊ើបអង្កេតរកមូលហេតុភ្លាមៗលើករណីមួយនេះ។
មេរោគដែលបាត់ខ្លួនរាប់រយនោះរួមមានទាំងមេរោគ Hendra, Lyssa និង Hanta ផងដែរ ដោយមេរោគទាំងនេះសុទ្ធតែគ្រោះថ្នាក់ខ្លាំងបំផុតមកលើមនុស្ស។ ការបាត់ខ្លួនមេរោគដ៏ច្រើនសន្ធឹកនេះដែរត្រូវបានឱ្យដឹងថាបាត់តាំងពីខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ។ បច្ចុប្បន្ន មិនទាន់មានការដឹងច្បាស់នៅឡើយទេថាសំណាកវីរុសទាំងនោះបានបាត់ខ្លួនទៅដោយរបៀបណា ប៉ុន្តែបើតាមលោក Tim Nicholls រដ្ឋមន្ត្រីក្រសួងសុខាភិបាលរដ្ឋ Queensland បានលើកឡើងថា មិនមានភស្តុតាងណាបញ្ជាក់ថាសំណាកវីរុសទាំងនោះត្រូវបានគេលួចទៅនោះឡើយ។
ការបាត់ខ្លួនសំណាកមេរោគជាច្រើននេះដែរបានធ្វើឱ្យមហាជនជាច្រើនបង្ហាញការព្រួយបារម្ភភ័យខ្លាចមានហានិភ័យចំពោះសុខភាពមនុស្ស ជាការឆ្លើយតបចំពោះការព្រួយបារម្ភនេះ លោក John Gerrard ប្រធានផ្នែកសុខាភិបាលរដ្ឋ Queensland ក៏បានចេញមកបញ្ជាក់កុំឱ្យគ្រប់គ្នាភ័យខ្លាចថា៖ «វាពិបាកក្នុងការស្រមៃពីសេណារីយ៉ូដែលសហគមន៍យើងអាចប្រឈមហានិភ័យនោះ ព្រោះថាអ្វីដែលសំខាន់នោះគឺសំណាកវីរុសទាំងនោះនឹងធ្លាក់ចុះសមត្ថភាពលឿនបំផុតពេលពួកវានៅក្រៅកន្លែងបង្កក ហើយវានឹងបាត់បង់សមត្ថភាពចម្លងរបស់វា។ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ មិនមានរកឃើញករណីមនុស្សឆ្លងវីរុស Hendra ឬ Lyssa ក្នុងរដ្ឋ Queensland នោះឡើយ ហើយក៏មិនមានរបាយការណ៍ណាបញ្ជាក់ពីករណីវីរុស Hanta ឆ្លងលើមនុស្សក្នុងប្រទេសអូស្ត្រាលីដែរ»៕
ប្រភព៖ Kenh14