អត់ពិបាកទេ! ចង់ស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត អាចដោះស្រាយបានតាមវិធីនេះ
ថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជន អំពីការស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។
ក្នុងនោះ ឧត្តមសេនីយ៍ឯក អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឱ្យដឹងថាការស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត គឺមានលក្ខណៈដូចតទៅ ៖
១. សម្រាប់ឆ្នាំកំពុងអនុវត្ត ៖ សាមីខ្លួនជានីតិជន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត នៅរដ្ឋបាលឃុំ សង្កាត់ នៃទីកន្លែងដែលបានចុះបញ្ជីនោះ។
២. សម្រាប់ឆ្នាំកន្លងផុត ៖ សាមីខ្លួនជានីតិជន ឬឪពុកឬម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជនដែលរស់នៅក្នុងផ្ទះជាមួយ អាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬ សំបុត្របញ្ជាក់កំណើត នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីនោះបាននឹងកំពុងរក្សាទុក ឬ នៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម បងប្អូនអាច Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ ដែលមានមន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និង ដោះស្រាយជូន៕
ប្រភព ៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង