មិនមែនមានតែមនុស្សទេ សត្វឆ្មាក៏មានជំងឺអេដស៍ដែរហៅថា FIV គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាល
ជំងឺ FIV ឬ Feline Immunodeficiency Virus គឺជាវីរុសម្យ៉ាងកើតលើសត្វឆ្មាដែលស្រដៀងទៅនឹងមេរោគអេដស៍ ហេតុដូចនេះហើយទើបបានជាគេហៅវីរុសនេះថា «ជំងឺ HIV ឆ្មា ឬ អេដស៍ឆ្មា»។
សត្វឆ្មាដែលរកឃើញកើតមានជំងឺ FIV គឺអាចមានវីរុសនៅក្នុងប្រព័ន្ធរាងកាយវាយូររហូតរាប់ឆ្នាំទម្រាំតែវាចេញរោគសញ្ញា។ ឆ្មាដែលកើតរោគនេះ ប្រព័ន្ធភាពស៊ាំរបស់វានឹងចុះខ្សោយដូចនេះធ្វើឱ្យពួកវាងាយនឹងឆ្លងជំងឺផ្សេងៗដែលមានអាការដូចជា បញ្ហាសើស្បែក ឧស្សាហ៍ក្ដៅខ្លួនចុះឡើង មិនសូវឃ្លានចំណី រាក ប្រកាច់ ជំងឺធ្មេញ និង អាកប្បកិរិយាសត្វផ្លាស់ប្ដូរខុសមុនជាដើម។
ចំពោះការឆ្លងរោគវិញ ករណីភាគច្រើនគឺឆ្លងតាមរយៈស្នាមខាំធ្ងន់ធ្ងរបង្កជារបួស។ សម្រាប់ឆ្មាចិញ្ចឹមក្នុងផ្ទះមិនសូវរងហានិភ័យប៉ុន្មាននោះទេ ប៉ុន្តែសត្វឆ្មាដែលចិញ្ចឹមមានសេរីភាពដើហើរចេញក្រៅគឺងាយនឹងកើតមានណាស់ដោយសារតែវាឧស្សាហ៍ឈ្លោះខាំគ្នាបង្កជារបួសស្នាម។ មួយវិញទៀត សម្រាប់ឆ្មាមេដែលកើត FIV ក៏អាចចម្លងជំងឺនេះទៅកូនរបស់វានៅក្នុងពោះដូចគ្នា។ យ៉ាងណាមិញ ជំងឺ FIV គឺមិនចម្លងតាមរយៈការផឹកទឹក ឬស៊ីចំណីក្នុងចានរួមគ្នា ឬដោយសារការកណ្ដាស់ ជុះកន្លែងជាមួយនោះឡើយ។
មួយវិញទៀត ជំងឺអេដស៍ឆ្មានេះដែរក៏មិនចម្លងមកមនុស្ស ឬសត្វផ្សេងក្រៅពីឆ្មានោះដែរ ដូច្នេះហើយអ្នកចិញ្ចឹមឆ្មាដែលមាន FIV កុំមានការបារម្ភភ័យពីលទ្ធភាពចម្លង គឺពួកវាមិនមានបង្កហានិភ័យដល់យើង និង សត្វចិញ្ចឹមដទៃទៀតរបស់យើងនោះឡើយ។
គួរបញ្ជាក់ថា សត្វឆ្មាដែលកើតមានជំងឺ FIV នេះ បច្ចុប្បន្នគឺមិនទាន់មានវ៉ាក់សាំងទប់ស្កាត់ ឬក៏ថ្នាំដើម្បីព្យាបាលនោះឡើយ។ យ៉ាងណាមិញ ជំងឺនេះដែរក៏មិនមែនមានហានិភ័យខ្លាំងរហូតដល់ថ្នាក់សត្វបាត់បង់អាយុជីវិតនោះឡើយ ព្រោះថាបើសត្វឆ្មាទទួលបានការថែទាំដិតដល់ល្អ រស់នៅក្នុងបរិយាកាសមិនមានភាពតានតឹង នោះឆ្មាដែលមានជំងឺអេដស៍នេះនឹងអាចរស់នៅជីវិតមួយដូចឆ្មាទូទៅធម្មតាបានរាប់ឆ្នាំទៅមុខទៀត៕
ប្រភព៖ WebMD