នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ពន្យល់ច្បាស់ៗ ៦ ចំណុចពីមេរោគ Norovirus មិនមែនមេរោគផ្ទុះថ្មី និង មិនងាយមានវត្តមានក្នុងប្រទេសក្តៅហើយសើមដូចយើងទេ
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចែករំលែកការយល់ដឹងពីជំងឺបង្កឡើងដោយមេរោគ Norovirus ដើម្បីបំភ្លឺដល់បណ្ដាញសង្គមមួយចំនួនដែលផ្សាយខុស។
ក្នុងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់អំពី Norovirus ឱ្យបានដឹងថា ៖
១- ជាជំងឺកើតឡើងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អួតរាកបង្កឡើងដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកើតឡើង និង រាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាមេរិក អឺរ៉ុប ។ ល។
២- ជាមេរោគមានវត្តមានយូរមកហើយ និង មិនមែនជាមេរោគផ្ទុះថ្មីទេ ឬក៏គម្រាមកំហែងរាតត្បាតសកលទេ
៣- ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០ អង្សាសេឡើងទៅ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសើមទេ ដូចជាប្រទេសយើងជាដើម
៤- អ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរ ក្អួត រាក និង ងាយជាទៅវិញរយៈពេលខ្លី
៥- ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺដូចជា ក្អក កំអួត លាមក
៦- បង្ការជំងឺតាមរយៈពាក់ម៉ាស់ លាងដៃ សំអាតអនាម័យ ប្រដាប់ប្រើប្រាស់ និង បរិស្ថានជុំវិញ៕