ញញើតណាស់! នៅវៀតណាម ជន្លេនរាប់ពាន់ក្បាលចេញវាយលុកពេញផ្លូវ ឡើងពេញជញ្ជាំងផ្ទះ ក្រោយភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា
ជាទិដ្ឋភាពដ៏គួរឱ្យញញើតព្រឺរោមមួយ ដោយផ្ទះពលរដ្ឋក្នុងក្រុង Vung Tau ប្រទេសវៀតណាមត្រូវបានរងការវាយលុកយ៉ាងពេញទំហឹងពីសត្វជន្លេនរាប់ពាន់ក្បាល ខ្លះវារពេញផ្លូវ ខ្លះវារឡើងក្ដាំងពេញជញ្ជាំងរហូតដល់ក្នុងផ្ទះ ក្រោយក្រុងមួយនេះមានភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា។
ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ លោក Nguyen Dang Khao បានបង្ហាញឱ្យឃើញច្បាស់ៗពីទិដ្ឋភាពខាងក្រៅ និង ក្នុងផ្ទះរបស់លោកដែលត្រូវបានសត្វជន្លេនរាប់ពាន់ក្បាលវាតទីវារឡើងពេញជញ្ជាំងរបងផ្ទះរហូតចូលទៅដល់ខាងក្នុងផ្ទះទៀត។ បន្ថែមពីនេះ នៅផ្លូវខាងមុខផ្ទះរបស់លោកក៏ពោរពេញទៅដោយសត្វជន្លេនឡើងក្ដាំងដូចគ្នា។ លោក Khao បានរៀបរាប់ថាលោករស់នៅក្នុងកន្លែងហ្នឹងរាប់ឆ្នាំហើយ តែនេះជាលើកទីមួយហើយដែលលោកប្រទះឃើញសត្វជន្លេនច្រើនសន្ធឹកចេញមកពេញទឹកពេញដី ក្រោយភ្លៀងធ្លាក់ ២ ថ្ងៃជាប់គ្នានេះ។
បើតាមលោកស្រី Vo Thi Hong ចៅសង្កាត់រងប្រចាំសង្កាត់លេខ ១២ បានឱ្យដឹងថាអ្នកស្រុករាយការណ៍ពីបាតុភូតកម្រមួយនេះគឺកើតមានឡើងនៅតំបន់ដីវាលដែលមានផ្ទះពលរដ្ឋរស់នៅត្រឹម ៣ ផ្ទះប៉ុណ្ណោះ។ លោកស្រីបានឱ្យដឹងទៀតថា ទីតាំងនោះដើមឡើយគឺជាតំបន់វាលភក់ទេដោយក្រោយមកក៏ចាក់ដីបំពេញ។ ក្នុងពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ដូច្នេះហើយវាធ្វើឱ្យពពួកសត្វជន្លេនមានការលំបាកក្នុងការដកដង្ហើមទើបពួកវានាំគ្នាវារឡើងមកលើបែបនេះ ហើយបាតុភូតនេះដែរកើតមានតែទីតាំងនោះប៉ុណ្ណោះ ចំពោះកន្លែងផ្សេងទៀតក្នុងតំបន់នោះ គឺមិនមានជួបស្ថានភាពបែបនោះឡើយ។
គួរឱ្យដឹងថា ការដែលជន្លេននាំគ្នាវារចេញពីរន្ធយ៉ាងច្រើនបែបនេះអំឡុងពេលមានភ្លៀងធ្លាក់គឺជាបាតុភូតធម្មជាតិ ប៉ុន្តែវាកម្រនឹងឃើញពួកវាចេញមកក្នុងចំនួនច្រើនខ្លាំងបែបនេះ។ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកបានបង្ហាញទ្រឹស្តីផ្សេងៗគ្នាជុំវិញសត្វជន្លេនចេញពីរន្ធអំឡុងពេលភ្លៀងនេះ។ បើតាមលោក Thea Whitman អ្នកជំនាញផ្នែកដីប្រចាំមហាវិទ្យាល័យ Wisconsin-Madison បានឱ្យដឹងថាសត្វជន្លេនមិនមានសួតទេ ពួកគេស្រូបយកអុកស៊ីហ្សែនតាមរយៈស្បែក និង អាចស្រូបអុកស៊ីហ្សែនបានទាំងក្នុងទឹក និង បរិយាកាស។ យ៉ាងណាមិញ លោកបានកត់បញ្ជាក់ថាប្រភេទជន្លេនខ្លះដែលទាមទារកម្រិតអុកស៊ីហ្សែនខ្ពស់ គឺរាល់ពេលមានភ្លៀងធ្លាក់ពួកវានឹងវារចេញពីរន្ធឡើងមកខាងលើ។ ដោយឡែក អ្នកវិទ្យាសាស្ត្រផ្សេងទៀតក៏បានលើកឡើងមួយបែបទៀតថា ការវារចេញមកក្នុងចំណោមច្រើនបែបនេះអាចជាដំណើរការបម្លាស់ទី ឬ ដំណើរការបង្កាត់ពូជរបស់ពួកវា៕