ពុទ្ធេ-ា! មនុស្សរាប់ពាន់នាក់នៅប្រជុំកោះមួយនៅបារាំងអាចនឹងស្លា./ប់ ក្រោយព្យុះកំណាចមិនធ្លាប់មានជិត ១០០ ឆ្នាំវា/យប្រហា-រ
ព័ត៌មានដ៏រន្ធត់មួយនៅចុងឆ្នាំ ២០២៤ នេះ ដោយប្រជុំកោះ Mayotte ដែនដីរបស់ប្រទេសបារាំងក្នុងមហាសមុទ្រឥណ្ឌាត្រូវបានព្យុះកំណាចខ្លាំងក្លាបំផុតមិនធ្លាប់មានរយៈពេលជិត ១ សតវត្សរ៍មកនេះវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទីរហូតមនុស្សរាប់ពាន់នាក់ភ័យខ្លាចថាបានបាត់បង់ជីវិត។
«ខ្ញុំគិតថាប្រាកដជាមានមនុស្សរាប់រយនាក់ អាចដល់រាប់ពាន់នាក់ ឬរាប់ម៉ឺននាក់បានស្លាប់» នេះបើតាមការលើកឡើងរបស់មេដឹកនាំក្រុង Mayotte លោក Francois-Xavier Bieuville ប្រាប់សារព័ត៌មានក្នុងតំបន់កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។ លោក Bieuville បានឱ្យដឹងទៀតថា វាពិបាកណាស់ក្នុងការរាប់ចំនួនជនរងគ្រោះដែលបានស្លាប់ដោយព្យុះទីហ្វុង Chido ហើយខាងរដ្ឋាភិបាលក៏មិនទាន់កំណត់បានចំនួនជនរងគ្រោះដូចគ្នា។
គួរឱ្យដឹងថា ព្យុះទីហ្វុង Chido ជាព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេលជិត ១០០ ឆ្នាំមកនេះ បានបោកបក់វាយប្រហារដល់ប្រជុំដែនកោះ Mayotte នៅយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅជាមួយកម្លាំងខ្យល់រហូតដល់ជាង ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះកំណាចនេះដែរបានបំផ្លាញផ្ទះសម្បែង អគាររដ្ឋាភិបាល និង មន្ទីរពេទ្យមួយកន្លែងលើដែនកោះខ្ទេចខ្ទីគ្មានសល់។
ជាក់ស្ដែង តាមរយៈវីដេអូថតពីលើអាកាសបង្ហាញឱ្យឃើញផ្ទះពលរដ្ឋជាច្រើននៅលើកោះត្រូវបានព្យុះបំផ្លាញខ្ទេចរាបដល់ដីគួរឱ្យរន្ធត់ជាទីបំផុត។ តាមសម្ដីអ្នករស់នៅក្រុង Mamoudzou នៃប្រជុំដែនកោះខាងលើបានរៀបរាប់ដោយតក់ស្លុតថា៖ «អ្វីដែលពួកយើងបានជួបប្រទះនេះគឺពិតជាសោកនាដកម្មមួយដ៏រន្ធត់មែនទែន វាដូចជាផលប៉ះពាល់នៃសង្គ្រាមនុយក្លេអ៊ែរអ៊ីចឹង។ ខ្ញុំមើលឃើញនឹងភ្នែកខ្ញុំផ្ទាល់ភូមិស្រុកទាំងមូលបានរលាយបាត់រូប»។
គួរបញ្ជាក់ថា ប្រជុំដែនកោះ Mayotte នៃដែនដីប្រទេសបារាំងមានទីតាំងស្ថិតនៅមហាសមុទ្រឥណ្ឌា។ ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ជនអន្តោប្រវេសន៍អាហ្វ្រិកខាងកើតរាប់ពាន់នាក់បានព្យាយាមភៀសខ្លួនទៅនៅលើដេនកោះមួយនេះព្រោះតែមានស្ដង់ដារស់នៅខ្ពស់ និង ទទួលបានអត្តប្រយោជន៍ពីរដ្ឋាភិបាលបារាំង។ តាមការបញ្ជាក់ពីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំង មានអ្នកចំណាកស្រុកខុសច្បាប់ប្រមាណជាង ១០ ម៉ឺននាក់កំពុងរស់នៅដែនកោះ Mayotte នោះ៕