ប្រពន្ធចុងចិត្តឆៅ បោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងលះប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធពេញច្បាប់
សារព័ត៌មាន South China Morning Post បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយនៅប្រទេសចិន ដែលប្រពន្ធចុងហ៊ានបោះលុយជាថ្នូរឱ្យប្រពន្ធដើមលែងប្តី ដើម្បីឱ្យខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិ។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីបានរៀបការជាមួយនឹងប្រពន្ធដើមតាំងពីឆ្នាំ ២០១៣ ដោយមានកូនពីរនាក់ជាចំណងដៃ។ ក្រោយមកបុរសជាប្តីក៏បានទៅលួចមានប្រពន្ធចុងដែលជាដៃគូរកស៊ីរបស់ខ្លួន ថែមទាំងមានកូនប្រុសម្នាក់ជាមួយគ្នាទៀត។
អ្វីដែលគួរឱ្យហួសចិត្តនោះ គឺស្រ្តីជាប្រពន្ធចុងបានស្នើជាលុយថ្នូរចំនួន ២ លានយ័ន ដែលស្មើប្រមាណ ២៧ ម៉ឺនដុល្លារឱ្យទៅប្រពន្ធដើម ដើម្បីឱ្យនាងលែងលះជាមួយប្តី ហើយខ្លួនឯងបានក្លាយជាប្រពន្ធពេញសិទ្ធិ។ ក្នុងនោះ ប្រពន្ធចុងបានឱ្យប្រាក់ចំនួន ១៦ ម៉ឺនដុល្លារទៅឱ្យប្រពន្ធដើមសិន ចំណែកឯនៅសល់នាងនឹងឱ្យតាមក្រោយទៀត នៅពេលដែលលែងលះរួចរាល់។
យ៉ាងណាមិញ នៅពេលដែលប្រពន្ធចុងប្រគល់លុយឱ្យហើយ កន្លងទៅមួយឆ្នាំ ប្រពន្ធដើមនៅតែមិនទាន់លែងលះប្តី ទើបប្រពន្ធចុងក៏បានប្តឹងតុលាការដើម្បីទារលុយចំនួន ១៦ ម៉ឺនដុល្លារនោះមកវិញ តែត្រូវតុលាការបដិសេធដោយអះអាងថាសំណូករបស់នាងប្រពន្ធចុង គឺជាការបំពានសីលធម៌សង្គម៕
ប្រភព៖ Kapook