ដល់-ក! រោងចក្រផលិតទឹកដោះគោល្បីមួយនៅកូរ៉េ ប្រកាសប្រមូលយកវិញជាង ១ ម៉ឺនប្រអប់ ក្រោយរកឃើញលាយសារធាតុមិនប្រក្រតី
កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ Maeil Dairies ដែលជារោងចក្រផលិតទឹកដោះគោឈានមុខគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានចេញមកធ្វើការសុំទោសជាសាធារណៈ និង ប្រកាសប្រមូលទឹកដោះគោ Maeil Original 200ml ដែលផុតកំណត់នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ចំនួនជាង ១ ម៉ឺនប្រអប់វិញ ក្រោយជួបបញ្ហាខុសបច្ចេកទេសអំឡុងពេលផលិតនៅរោងចក្រក្រុង Gwangju ដែលមានលាយជាមួយទឹកលាងសម្អាត។
តាមការបញ្ជាក់ពីលោកស្រី Kim Seon-hee ជា CEO របស់ក្រុមហ៊ុនផលិតទឹកដោះគោនេះ បានរៀបរាប់លើការបង្ហោះរបស់វេបសាយក្រុមហ៊ុនថា ម៉ាស៊ីនផលិតក្នុងរោងចក្របានដំណើរការខុសបច្ចេកទេសដោយធ្វើការលាយទឹកលាងសម្អាតជាមួយនឹងទឹកដោះគោកាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅ។ រឿងរ៉ាវបែកធ្លាយក្រោយផលិតផលទាំងនោះត្រូវបានអតិថិជនទិញយកទៅញ៉ាំហើយក៏ជួបបញ្ហាសុខភាព ទើបខាងរោងចក្រត្រូវបង្ខំប្រមូលផលិតផលរបស់ខ្លួនវិញភ្លាមៗ។
តាមសារព័ត៌មាន Yonhap អតិថិជនម្នាក់បានទិញទឹកដោះគោប្រមាណ ៥០ ប្រអប់ពី Maeil Dairies បានរងប៉ះពាល់ក្នុងហេតុការណ៍នេះ។ បន្ថែមពីនេះ បុគ្គលិកនៃក្រុមហ៊ុនផ្នែកស្រាវជ្រាវមួយក៏នាំគ្នាកើតមានអាការចុកពោះ ក្រោយផឹកទឹកដោះគោនេះកាលពីថ្ងៃទី ១២ ខែធ្នូកន្លងទៅផងដែរ។ លើសពីនេះទៅទៀត បើតាមសារព័ត៌មាន Chosun Biz បុគ្គលិកម្នាក់ត្រូវចូលពេទ្យសង្គ្រោះក្រោយផឹកទឹកដោះគោនេះហើយបានក្អួតខ្លាំងរហូតធ្លាក់ឈាម។
ក្រសួងសុវត្ថិភាពចំណីអាហារ និង ឱសថប្រចាំប្រទេសកូរ៉េបានឱ្យដឹងថា ពួកគេនឹងធ្វើការចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងរោងចក្រ Maeil Dairies នៅក្រុង Gwangju ដើម្បីរកមូលហេតុ និង ដើម្បីបញ្ចៀសកុំឱ្យកំហុសបែបនេះកើតមានឡើងតទៅទៀត៕
ប្រភព៖ Kenh14