(វីដេអូ) ក្រោយផ្ទុះប្រតិកម្មពីអ្នកលេង Esports នៅកម្ពុជាយ៉ាងផុសផុល ត្រឹម ២ ម៉ោង Mobile Legend បានដករូបប្រាសាទអង្គរវត្តចេញវិញ
កាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេស អ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ និង អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា បានផ្ទុះប្រតិកម្មភ្លាមៗក្រោយឃើញវីដេអូនៅក្នុងហ្គេម Mobile Legend បានបង្ហោះរូបភាពឡូហ្គូមួយ ដោយមានរូបប្រាសាទអង្គរវត្ត តែបែរជាដាក់តំណាងឱ្យប្រទេសថៃទៅវិញ។
ក្នុងនោះដែរ វីដេអូដែលបង្ហោះឡើងនោះ សម្រាប់អ្នកនិយមលេងហ្គេម ក៏បានដឹងថាជាការផលិតឡើងពីក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បង្កើតវីដេអូហ្គេម និង ជាក្រុមហ៊ុនមានជំនាញការបង្កើតហ្គេមលើទូរសព្ទដៃ esports ជាដើម។
ភ្លាមនោះដែរ បណ្តាអ្នកនិយមលេងហ្គេមលើទូរស័ព្ទដៃ ជាពិសេស អ្នកលេងហ្គេមអាជីព Esports របស់កម្ពុជា ជាច្រើនបានធ្វើការចែករំលែក និង តវ៉ាភ្លាមៗទៅលើការបង្ហោះឡើង ដោយខុសទាំងស្រុងរបស់ក្រុមហ៊ុនហ្គេមដ៏ល្បីមួយនេះ។ លើសពីនោះ ក៏មានអ្នកលើកឡើងថា នេះមិនមែនជាលើកទី ១ ទេ ដែលមានរឿងនេះកើតឡើង គឺជាច្រើនលើកហើយដែរ។
យ៉ាងណាមិញ ក្រោយផ្ទុះការប្រតិកម្ម ដោយមានទាំងការបង្ហោះវីដេអូ ការធ្វើ Reaction និង ការបង្ហោះសារពីប្រជាជនកម្ពុជាជាច្រើននោះ ក្រុមហ៊ុនហ្គេមខាងលើក៏បានកែសម្រួល និង ដករូបប្រាសាទអង្គរវត្តចេញរួចជាស្រេចហើយ ក្រោយការបង្ហោះខុសប្រមាណជា ២ ម៉ោង៕