បបួលគ្នាទៅលេង! ស្ពានប្រដឹសឫស្សីកោះប៉ែន បើកដំណើរការទទួលភ្ញៀវទេសចរវិញបានហើយ បើនិយាយពីទេសភាពតាមផ្លូវវិញ ស្អាតផុតលេខ
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាមបានជូនដំណឹងឱ្យបានដឹងថា ស្ពានប្រដឹសឫស្សីកោះប៉ែនដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះវិញហើយ។
ការប្រកាសដាក់ឱ្យប្រើប្រាស់ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និង ពន្លឿនការស្ថាបនាស្ពានប្រដឹសឫស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ «ឆ្នេរខ្សាច់កោះប៉ែន» ក្នុងគោលបំណងទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត ខេត្តកំពង់ចាម នាថ្ងៃឆ្លងឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងនោះបើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឱ្យដឹងថា ស្ពានឫស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន គឺមានប្រវែងប្រមាណ ១,០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នបានដាក់ឱ្យដំណើរការនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤៕
ប្រភព ៖ រដ្ឋបាលខេត្តកំពង់ចាម