ក្ដៅៗ! មេរោគ Norovirus កំពុងផ្ទុះឆ្លងខ្លាំងក្នុងប្រទេសថៃ មានអ្នកឆ្លងសរុប ១ ៤៣៦ ករណី សុទ្ធតែជាសិស្សសាលា និង គ្រូៗ
នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ នេះ លោកវេជ្ជបណ្ឌិត Thiti Sawangtham អគ្គនាយករងនៃមន្ទីរសុខាភិបាលប្រទេសថៃ បានបង្ហាញករណីការផ្ទុះឡើងនៃមេរោគ Norovirus ដែលបង្កឱ្យមានការឆ្លងទៅកាន់សិស្សសាលា និង លោកគ្រូអ្នកគ្រូនៅក្នុងសាលាចំនួន ២ នៅក្នុងស្រុក Khleng ខេត្ត Rayong ប្រទេសថៃ សរុបចំនួន ១ ៤៣៦ ករណី មានសិស្សចំនួន ១ ៤១៨ ករណី និង គ្រូចំនួន ១៨ ករណី។
តាមព័ត៌មានបានឱ្យដឹងថា ការផ្ទុះឆ្លងនេះ ត្រូវបានចម្លងតាមរយៈទឹក និង ទឹកកកដែលបានប្រើប្រាស់បរិភោគនៅក្នុងកម្មវិធីកីឡារបស់សាលាកាលពីសប្តាហ៍កន្លងទៅ។ ក្នុងនោះ មេរោគនេះភាគច្រើននឹងងាយឆ្លងចំពោះក្មេងដែលមានប្រព័ន្ធភាពស៊ាំខ្សោយច្រើនជាងមនុស្សពេញវ័យ ជាពិសេសគឺក្នុងរដូវរងារនេះតែម្តង។
មេរោគ Norovirus គឺជាជំងឺដែលចម្លងពីមនុស្សទៅមនុស្សដោយផ្ទាល់ វាអាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយអាហារ ទឹកផឹក ខ្យល់ ការប៉ះ និងការដកដង្ហើម ដូចជាការប៉ះផ្ទាល់ជាមួយអ្នកជំងឺដែលឆ្លងមេរោគ norovirus។ ដោយឡែក សម្រាប់ជំងឺនេះ រួមមាន រាករូស ឈឺពោះ ចង្អោរ ក្អួត ឈឺក្បាល គ្រុនក្តៅ ឈឺខ្លួន និងអស់កម្លាំង៕
ប្រភព៖ AMARINTV