ក្ដៅៗ! អាមេរិកប្រកាសឱ្យពលរដ្ឋផ្អាកញ៉ាំអយស្ទ័របន្ទាន់ ក្រោយរកឃើញមានផ្ទុកមេរោគ Norovirus និង មានករណីឆ្លង
ថ្មីៗនេះ ក្រុមហ៊ុនចែកចាយគ្រឿងសមុទ្រដែលស្ថិតនៅក្រុង San Fransisco រដ្ឋ California សហរដ្ឋអាមេរិក បានចេញការប្រកាសប្រមូលយកអយស្ទ័រ និង លៀសសមុទ្រវិញជាបន្ទាន់ពីបណ្ដាហាងអាហារនានា ក្រោយរកឃើញមានអ្នកឆ្លងមេរោគ Norovirus។
ពពួកអយស្ទ័រដែលប្រមូលយកវិញទាំងនោះ គឺមានប្រភពដើមយកពីក្រុមហ៊ុន S&M Shellfish នៅកាណាដា, Vancouver, British Columbia, Canada-based Pacific Northwest Shellfish and Richmond, British Columbia ដែលក្រុមហ៊ុនទាំងនេះបានចែកចាយបន្តបោះដុំ និង រាយទៅកន្លែងលក់ចំណីអាហារពាសពេញសហរដ្ឋអាមេរិក។
ក្នុងពេលដំណាលគ្នានោះដែរ ខាងរដ្ឋបាលចំណីអាហារ និង ឱសថប្រចាំសហរដ្ឋអាមេរិក (FDA) ក៏បានចេញការព្រមានដល់អ្នកលក់រាយ រួមទាំងបណ្ដាភោជនីយដ្ឋានទាំងអស់ក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ឱ្យធ្វើការផ្អាកប្រើប្រាស់អយស្ទ័រ ក៏ដូចជាលៀសសមុទ្រដែលយកពី Rudy’s Shellfish នៅរដ្ឋ Washington អាមេរិក ដោយសារតែអាចមានផ្ទុកនូវមេរោគ Norovirus។
គួរឱ្យដឹងថា ខាងក្រុមហ៊ុនចែកចាយអយស្ទ័រទាំងអស់ក៏បានធ្វើប្រកាសមិនឱ្យមានការញ៉ាំ ឬ ចែកចាយប្រភេទលៀស និង គ្រំសមុទ្រទាំងនេះនោះទេ ដោយត្រូវបញ្ជូនត្រឡប់មកឱ្យក្រុមហ៊ុនវិញជាបន្ទាន់ជាមួយការសរសេរស្លាកថា «មិនមានសុវត្ថិភាព ហាមប៉ះពាល់»។
មេរោគ Norovirus គឺជាជំងឺដែលចម្លងពីមនុស្សទៅមនុស្សដោយផ្ទាល់ វាអាចឆ្លងបានតាមរយៈការប៉ះពាល់ជាមួយអាហារ ទឹកផឹក ខ្យល់ ការប៉ះ និងការដកដង្ហើម ដូចជាការប៉ះផ្ទាល់ជាមួយអ្នកជំងឺដែលឆ្លងមេរោគ norovirus។ ដោយឡែក សម្រាប់អាការជំងឺនេះ រួមមាន រាករូស ឈឺពោះ ចង្អោរ ក្អួត ឈឺក្បាល គ្រុនក្តៅ ឈឺខ្លួន និងអស់កម្លាំង៕
ប្រភព ៖ seafoodsource