ចុងភៅរូបសង្ហា កាលអាយុ ១៣ ឆ្នាំរៀនធ្វើម្ហូបពីម្តាយ ២០ ឆ្នាំក្រោយមានហាងផ្ទាល់ខ្លួន ក្លាយជាចុងភៅដ៏ជំនាញ និង នាំយកផលិតផលទៅកាន់ពិភពលោក
ជាចុងភៅដ៏ជំនាញ មានគំនិតច្នៃប្រតិដ្ឋខ្ពស់ បច្ចុប្បន្ន លោក Sokim Heng ជាស្ថាបនិកសេវាកម្មអាហារ Bite Lab និង ជាស្ថាបនិកកន្លែងផ្តល់សេវាកម្មទទួលទានអាហារផ្ទាល់ខ្លួន The Lab នៅទីក្រុងភ្នំពេញ។ ដំណើរជីវិតចូលទៅក្នុងវិស័យអាហារ លោកបានចាប់ផ្តើមតាំងពីអាយុ ១៣ ឆ្នាំ គ្រាដែលឪពុកម្តាយរបស់លោកបើកភោជនីយដ្ឋានមួយនៅខេត្តព្រះសីហនុ ឈ្មោះថា Chez Claude។ ខណៈដែលឪពុកម្តាយបានត្រលប់ទៅប្រទេសបារាំងវិញ លោកបានរៀនសូត្របទពិសោធយ៉ាងច្រើនពីភោជនីយដ្ឋាននេះ។ ថ្វីបើឆ្ងាយពីម្តាយក្តី តែលោកបានរៀនជំនាញធ្វើម្ហូបពីគាត់តាមរយៈប្រព័ន្ធអនឡាញ។ ការចាប់ផ្តើមដំបូង លោកក៏មានអារម្មណ៍ភ័យព្រួយផងដែរ តែយ៉ាងណាមិញ លោកបានព្យាយាមពង្រឹងជំនាញឱ្យល្អបំផុត ដើម្បីប្រាកដថាភោជនីយដ្ឋានដំណើរការទៅរលូន។
បោះជំហានលើជំនាញម្ហូបអាហារនៅភោជនីយដ្ឋានរបស់គ្រួសារ បានធ្វើឱ្យលោកមានមហិច្ឆតាកាន់តែខ្លាំង។ ជាក់ស្តែង លោកបានចេញទៅបណ្តុះបណ្តាលជំនាញបន្ថែមនៅ Le Cordon Bleu ដែលជាសាលាធ្វើម្ហូប និង បដិសណ្ឋារកិច្ចដ៏ល្បីល្បាញនៅទីក្រុងបាងកក ប្រទេសថៃ។ ការរៀននៅទីនោះ បានជួយបង្កើនចំណេះជំនាញលោកយ៉ាងច្រើន លោកជឿជាក់ថា ចុងភៅលំដាប់ផ្កាយ Michelin-starred ជនជាតិបារាំង លោក Nicolas Le Bec គឺជាផ្នែកមួយមានឥទ្ធិពលបំផុតមកលើលោក។ តាមរយៈសិល្បៈម្ហូបអាហារ វាបាននាំលោកទៅជុំវិញពិភពលោក និង បានផ្លាស់ប្តូរបទពិសោធជាច្រើន ដោយធ្វើការជាមួយចុងភៅល្បីៗដូចជា ចុងភៅ Le Bec ដែលបានកសាងអាជីព ផ្តល់នូវការយល់ដឹងដ៏ជ្រាលជ្រៅទៅក្នុងសិល្បៈម្ហូបអាហារ។
ក្រោយមកនៅឆ្នាំ ២០១៩ លោក Sokim Heng បានបើកសេវាកម្មអាហារ Bite Lab ជាមួយដៃគូជំនួញម្នាក់ឈ្មោះ David។ សេវាកម្មនេះ លោកបានបង្កើតទីពិសោធន៍ ដែលផ្តោតទៅលើអាហារសុខភាពជាមួយគោលដៅហាត់ប្រាណ។ ចក្ខុវិស័យរបស់លោក ក៏រួមបញ្ចូលជាកន្លែងផ្តល់បទពិសោធទទួលទានអាហារផ្ទាល់ខ្លួនហៅថា The Lab ដែលជាការផ្តល់សេវាកម្មទទួលទានអាហារជាក្រុម ជំរុញការបង្កើតទំនាក់ទំនង និង ពេលវេលាដែលមិនអាចបំភ្លេចបានផងដែរ។ សម្រាប់លោក ម្ហូបអាហារមិនត្រឹមតែជាអាហាររូបត្ថម្ភប៉ុណ្ណោះទេ វាជាភាសាក្តីស្រលាញ់សកល និង ជាស្ពានចម្លងឱ្យបុគ្គលម្នាក់ៗបានភ្ជាប់ទំនាក់ទំនងគ្នា។
មិនត្រឹមតែជំនាញធ្វើម្ហូបនៅក្នុងផ្ទះបាយ លោកក៏ដើរតួជា Influencer ខាងចម្អិនម្ហូបផងដែរ។ លោកតែងបង្ហាញទេពកោសល្យនៅលើបណ្តាញសង្គម តាមរយៈវីដេអូចម្អិនម្ហូបខ្លីៗ។ លោកបើកបង្ហាញកំណប់មុខម្ហូបខ្មែរ ដោយគោរពទៅលើគ្រឿងផ្សំ ក៏ដូចជាបង្ហាញនូវធនធានដ៏សម្បូរបែបនៅកម្ពុជា ដើម្បីរួមចំណែកពង្រីកវិស័យម្ហូបអាហារនៅកម្ពុជាយើង។
មហិច្ឆតារបស់ចុងភៅសង្ហាវ័យ ៣៤ ឆ្នាំរូបនេះ លោកចង់បោះជំហានឱ្យឆ្ងាយលើសពីភោជនីយដ្ឋាន។ ចក្ខុវិស័យរបស់លោក គឺបង្កើតម៉ាកអាហារ និង វិសាលភាពដោយខ្លួនឯង។ លោកបានកំពុងផ្តោតអភិវឌ្ឍន៍ទៅលើអាហារស្រាប់ៗ រសជាតិឈ្ងុយឆ្ងាញ់ដូចជា៖ ងៀតគោពិសេស, ងៀតត្រី, ថ្លើមក្ងាន foie gras, ប៊័រផ្សិត truffle butter និង limoncello ជាដើម។ អាហារទាំងនេះសុទ្ធសឹងកើតចេញពីឯកទេសរបស់លោក ហើយក៏ត្រៀមរួចជាស្រេចសម្រាប់ទាក់ទាញមាត់មនុស្សទូទាំងពិភពលោក។ លោកមានគោលដៅចង់ឱ្យមនុស្សគ្រប់ជាតិសាសន៍ បានស្គាល់ពីផលិតផលក្នុងស្រុកនៅក្នុងរយៈពេលពីរឆ្នាំ និង ប្រាំឆ្នាំទៀតលក់ទៅកាន់ទីផ្សារទូទាំងអាស៊ី ហើយបន្ទាប់មកនៅទូទាំងពិភពលោក៕
ប្រភព៖ Prestige