ប្រពន្ធក៏អត់បាន ហើយជាប់ទោសទៀត! សុំសង្សាររៀបការ តែខាងស្រីមិនព្រម ខឹងចិត្តពេកទៅដុតផ្ទះនាងឆេះខ្ទេច
មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតមានឡើងក្នុងប្រទេសឥណ្ឌា ដោយបុរសវ័យក្មេងម្នាក់បានខឹងចិត្តរហូតឈានដល់ការដុតបំផ្លាញផ្ទះសម្បែងសង្សារសំណព្វចិត្តរបស់ខ្លួន ដោយសារតែរូបនាងបដិសេធមិនព្រមរៀបការជាមួយ នេះបើតាមការបញ្ជាក់ពីប៉ូលិសក្នុងតំបន់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងនៅភូមិ Anandpur ស្រុក Bhadrak រដ្ឋ Odisha ប្រទេសឥណ្ឌា ដោយជនជាប់ចោទមានឈ្មោះ Jyoti Ranjan Das អាយុ ២៨ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិ Vidyadharpur បច្ចុប្បន្នកំពុងរត់គេចខ្លួន។ Jyoti មានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះមួយរយៈហើយដោយរូបគេតែងតែដាក់សម្ពាធនាងឱ្យរៀបការជាមួយខ្លួន។ Jyoti ថែមទាំងបានគំរាមទម្លាយវីដេអូរបស់ពួកគេទៀតផងបើសិនជានាងមិនព្រម។
ដោយទ្រាំតទៅទៀតមិនបាន នារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស ដោយនិយាយថា Jyoti បានគំរាមសម្លាប់នាង និង ព្យាយាមបង្ខំនាងឱ្យជួបរូបគេជាច្រើនលើកច្រើនសា។ ស្ថានការណ៍ក៏កាន់តែគ្រោះថ្នាក់ទៅ ដោយ Jyoti បានទៅដុតបំផ្លាញផ្ទះរបស់មិត្តស្រីខ្លួន បំផ្លាញបន្ទប់ និង ទ្រព្យសម្បត្តិមានតម្លៃជាច្រើនរួមមានគ្រឿងអលង្ការមាស គ្រឿងសង្ហារិម អង្ករ និង ឯកសារសំខាន់ៗមួយចំនួនទៀតសរុបជាប្រាក់ជាង ១ ម៉ឺនដុល្លារ។
បច្ចុប្បន្ន ប៉ូលិសកំពុងស៊ើបអង្កេតលើករណីនេះ និង កំពុងតែតាមចាប់ខ្លួនជនសង្ស័យយកមកកាត់ទោសតាមផ្លូវច្បាប់ផងដែរ៕