ចែកគ្នាដឹង! កុំប្រហែសមេរោគ Norovirus ចម្លងបានតាម ៤ របៀបនេះ ហើយនេះជាវិធីបង្ការដើម្បីកុំឱ្យឆ្លងមេរោគ
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ – Norovirus ខណៈការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និង ឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ហើយរោគសញ្ញាភាគច្រើន មាន រាក ក្អួត ចង្អោរ ចុកពោះ និង អាចមានក្តៅខ្លួន ឈឺក្បាល និង ឈឺខ្លួន។
ក្នុងនោះ ក្រសួងសុខភិបាល បានបញ្ជាក់ឱ្យបានដឹងថា ចំពោះរបៀបចម្លងវីរុសណូរ៉ូ គឺរីករាលដាលយ៉ាងងាយ និង រហ័សតាមវិធីផ្សេងៗគ្នាដូចជា៖
១. ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារប្រើប្រាស់ និង ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ
២. ពិសាអាហារ ទឹក ឬ ភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ
៣. ការប៉ះវត្ថុ ឬ ផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់
៤. អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬ ច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។
ដោយឡែកចំពោះ របៀបបង្ការមានដូចជា ៖
១. ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់
២. សម្អាត និង សម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
៣. ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ
៤. ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖