ថ្ងៃនេះសែននំអុី! គ្រូចិនសែ ម៉ុង ចែករំលែកពីប្រវត្តិ និង តំណាលរឿង ២ ផ្សេងគ្នានៃការសែននំអ៉ី សុទ្ធតែជារឿងជក់ចិត្ត
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃសែននំអុី ដែលការសែននំអុីនេះ គឺធ្វើឡើងជារៀងរាល់ចុងឆ្នាំ ហើយក៏ជាពិធីបុណ្យសែនព្រេងចុងក្រោយគេបង្អស់ក្នុងឆ្នាំនីមួយៗ ដែលគេនិយមធ្វើឡើងក្នុងរដូវធ្លាក់ខ្យល់ ឬរដូវរងា។
ថ្មីៗនេះ តាមរយៈលោកគ្រូចិនស៊ែ ម៉ុង ដែលមានប្រជាប្រិយភាពទៅលើការចែករំលែកចំណេះដឹងលើក្បួនហុងស៊ុយ ក៏បានបង្ហាញជូនពីប្រវត្តិនៃការសែននំអុីដូចតទៅ៖
១. រឿងព្រេងនិទានទី ១
កាលពីដើមឡើយ ក្នុងភូមិមួយគឺមានប្រជាជនជាច្រើនកើតជំងឺអាសន្នរោគ ដែលកាលពីសម័យនោះគេមិនទាន់ដឹងថាជាជំងឺអ្វីនោះទេ តែក្រោយមកទើបដឹងថា ជំងឺនេះជាជំងឺរមាស់ស្បែកពេលរដូវរងាសោះ ពេលនោះមានគ្រូពេទ្យម្នាក់បានមកដល់ហើយក៏គិតថា នេះប្រហែលជាអ្នកទាំងអស់គ្នា បាត់បង់កម្ដៅក្នុងខ្លួនទើបធ្វើឱ្យស្បែកបាត់បង់ជាតិទឹកពីខាងក្នុង ទើបចេញរមាស់បែបនេះ ដោយរកថ្នាំមិនទាន់ គ្រូពេទ្យនោះក៏បានយកម្សៅបាយដំណើប ដាក់ជាស្នូលសណ្ដែក ទៅស្ងោរ ហើយឱ្យពួកគេហូប យូរៗទៅជំងឺនោះក៏បាត់ដោយឯងៗ ក្រោយមកទៀត ឱ្យតែដល់ខែរងា គឺប្រជាជននាំគ្នាធ្វើនំអុីនេះមកពិសា ពេលដែលគ្រូពេទ្យនោះស្លាប់បាត់ទៅ ប្រជាជនមិនភ្លេចគុណទើបរាល់ពេលដល់ថ្ងៃហូបនំអុី គឺគេតែងតែយកទៅសែនជូនគ្រូពេទ្យនោះពិសាដូចគ្នា ទើបទម្លាប់នៃការសែននេះតដល់កូនចៅជាន់ក្រោយមក។
២. រឿងតំណាលទី ២
ក្នុងសម័យសង្គ្រាមមួយនោះ រាជការត្រូវប្រមូលបុរសៗដែលពេញកម្លាំងឱ្យទៅធ្វើទាហាន ក្នុងនោះមានបុរសម្នាក់ក៏ត្រូវគេប្រមូលទៅធ្វើទាហានដែរ ថ្ងៃដែលចាកចេញពីប្រពន្ធគេនោះ គេបានយកនំអុីនេះ ហែកជាពីរ ហើយហូបម្នាក់មួយចំហៀងទាំងពីរនាក់ប្ដីប្រពន្ធគេបាននិយាយថា យើងត្រូវបែកគ្នា ប្រៀបដូចនំអុីដែលហែកចេញពីគ្នានេះដែរ ចាំពេលបងត្រឡប់មកវិញ ចាំយើងហូបនំអុីទាំងមូលវិញ។ ក្រោយមកប្រពន្ធរបស់បុរសនោះ តែងតែធ្វើនំអុីហូប ហើយយកទៅបិទនៅមុខទ្វារជារៀងរាល់ថ្ងៃ ដើម្បីបួងសួងរំពឹងឱ្យប្ដីរបស់គេត្រឡប់មកវិញឆាប់ៗ មិនយូរសង្គ្រាមបានឈ្នះ បុរសនោះពិតជាត្រឡប់មកវិញពិតមែន។ តរៀងមក ឱ្យតែដល់ថ្ងៃនេះ ជារៀងរាល់ឆ្នាំគឺគេហូបនំអុី៕