ទៀតហើយ! នៅនីហ្សេរីយ៉ា មនុស្សរ.ត់ជា-ន់គ្នាស្លា./ប់ជាង ៣០ នាក់ អំឡុងពេលចែកស្បៀងអាហារដល់អ្នកខ្វះខាត
ហេតុការណ៍រត់ជាន់គ្នាចំនួន ២ ករណីផ្ទួនៗក្នុងថ្ងៃតែមួយនាចំណុចទីតាំងចែកស្បៀងអាហារដល់អ្នកខ្វះខាតក្នុងប្រទេសនីហ្សេរីយ៉ា រហូតបណ្ដាលឱ្យមនុស្សចំនួន ៣២ នាក់បាត់បង់ជីវិតយ៉ាងរន្ធត់។
តាមការបញ្ជាក់ពីប៉ូលិសនៅប្រទេសនីហ្សេរីយ៉ាបានឱ្យដឹងថា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មនុស្សចំនួន ២២ នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅខាងក្រៅកន្លែងចែកអង្ករនាក្រុង Okija ភាគខាងត្បូងរដ្ឋ Anambra ប្រទេសនីហ្សេរីយ៉ា។ យ៉ាងណាមិញ ករណីរត់ជាន់គ្នាមួយទៀតបានកើតមានឡើងក្នុងថ្ងៃតែមួយ នៅខាងក្រៅវិហារសាសនាមួយនៅក្រុង Abuja ដែលមានការចែកស្បៀងអាហារដល់អ្នកដែលខ្វះខាត និង ចាស់ជរា បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់បាត់បង់ជីវិតបន្ថែមទៀត។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោក Maazo Ezekiel អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នប្រចាំប្រទេសនីហ្សេរីយ៉ាបានលើកឡើងថា៖ «សោកនាដកម្មមួយនេះគឺជាគ្រោះថ្នាក់ច្រំដែលដូចទៅនឹងហេតុការណ៍កើតមានឡើងនៅក្រុង Ibadan។ ការប្រុងប្រយ័ត្នមិនត្រូវបានត្រៀមធ្វើទុកមុននោះទេមុនពេលចែកស្បៀងអាហារនោះ»។
អ្វីដែលលោក Maazo Ezekiel លើកឡើងខាងលើគឺចង់សំដៅទៅលើហេតុការណ៍រត់ជាន់គ្នានៅកម្មវិធីពិព័រណ៌សាលានាក្រុង Ibadan កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដែលបណ្ដាលឱ្យក្មេងៗ ៣៥ នាក់បាត់បង់ជីវិត និង ៦ នាក់ផ្សេងទៀតបានរងរបួស។ លោកក៏បានធ្វើការអំពាវនាវដល់អ្នករៀបចំកម្មវិធីទាំងអស់ឱ្យមានការគ្រប់គ្រងស្ថានភាពមនុស្សកកកុញឱ្យបានល្អអំឡុងពេលចែកស្បៀងអាហារនោះ ដើម្បីបញ្ចៀសកុំឱ្យមានករណីរត់ជាន់គ្នារហូតបាត់បង់ជីវិតមនុស្សកើតមានឡើងតទៅទៀត៕
ប្រភព៖ VN Express