ប្រទេស Albania ប្រកាសបិទមិនឱ្យប្រើកម្មវិធី TikTok មួយឆ្នាំ ក្រោយមានករណីស្លា./ប់លើក្មេងប្រុសម្នាក់
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ប្រទេស Albania បានធ្វើការប្រកាសបិទហាមមិនឱ្យមានកម្មវិធី TikTok ក្នុងប្រទេសរយៈពេល ១ ឆ្នាំ ក្រោយមានករណីឃាតកម្មយ៉ាងរន្ធត់ទៅលើក្មេងប្រុសម្នាក់កាលពីខែវិច្ឆិកាកន្លងទៅ។
ថ្លែងប្រកាសក្នុងជំនួបជាមួយលោកគ្រូអ្នកគ្រូ និង ឪពុកម្ដាយសិស្សនាទីក្រុង Tirana លោក Edi Rama នាយករដ្ឋមន្ត្រីប្រទេស Albania បានរៀបរាប់ថា៖ «ក្នុងរយៈពេល ១ ឆ្នាំ ពួកយើងនឹងធ្វើការបិទកម្មវិធីនេះ (TikTok) ទាំងស្រុង។ កម្មវិធី TikTok នឹងលែងមានវត្តមានក្នុងប្រទេស Albania នោះឡើយ»។
គួរបញ្ជាក់ថា ការប្រកាសបិទកម្មវិធី TikTok ក្នុងប្រទេសនេះដែរកើតមានឡើងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ មានករណីក្មេងប្រុសសិស្សសាលាវ័យ ១៤ ឆ្នាំម្នាក់ត្រូវបានមិត្តរួមសាលាចាក់សម្លាប់។ បើតាមសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍ចាក់សម្លាប់នេះកើតឡើងក្រោយក្មេងប្រុសទាំងពីរទាស់ទែងសម្ដីគ្នាលើបណ្ដាញសង្គម។ ករណីនេះហើយបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឥទ្ធិពលនៃការប្រើប្រាស់បណ្ដាញសង្គមមកលើក្មេងៗ។
យ៉ាងណាមិញ ជុំវិញនឹងករណីនេះខាងអ្នកតំណាងឱ្យក្រុមហ៊ុន TikTok ក៏បានចេញមកឆ្លើយតបដោយលើកឡើងថា ជម្លោះរវាងសិស្ស និង សិស្សក្នុងប្រទេស Albania រហូតឈានដល់ការចាក់សម្លាប់នោះមិនមែនដើមចមចេញពី TikTok នោះឡើយ។ អ្នកតំណាងរូបនោះបានរៀបរាប់ថា៖ «ពួកយើងរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថាជនសង្ស័យ ឬ ជនរងគ្រោះបានប្រើប្រាស់គណនី TikTok នោះឡើយ។ របាយការណ៍ជាច្រើនបានលើកឡើងថាវីដេអូដែលឈានដល់ករណីដែលបានកើតឡើងនោះគឺបានបង្ហោះលើបណ្ដាញសង្គមផ្សេង មិនមែន TikTok នោះឡើយ»៕
ប្រភព៖ Kenh14